មរណភាព​របស់​ព្រឹទ្ធាចារ្យ​ ប្រាជ្ញ​ ឈួន​ ជា​ទុក្ខ​ក្រៀមក្រំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ !

ចែករំលែក៖

ភ្នំពេញ​៖​ព្រឹទ្ធាចារ្យ​ សិល្បៈ​ភិរម្យ​វោហារ​ ប្រាជ្ញ​ ឈួន​ ជា​អតីត​មន្ត្រី​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ផលិត​កម្ម​វិធី​វិទ្យុ​នៃ​អគ្គនាយកដ្ឋាន​វិទ្យុ​ជាតិ​កម្ពុជា​ តាំង​ពី​ឆ្នាំ​១៩៧៩​ រហូត​ដល់​ឆ្នាំ​២០០២​ បាន​ទទួល​មរណភាព​ កាលពី​វេលា​ម៉ោង​១៖៣០នាទី​ រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ក្នុង​ជន្មាយុ​៨៣ឆ្នាំ​ ដោយ​រោគាពាធ​ ។

សេចក្តី​ជូន​ដំណឹង​របស់​អគ្គនាយកដ្ឋាន​វិទ្យុ​ជាតិ​កម្ពុជា​ នៅ​ថ្ងៃទី​១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នេះ​ បង្ហាញ​ថា​ សព​ឧបាសក​ ព្រឹទ្ធាចារ្យ​ សិល្បៈ​ភិរម្យ​វោហារ​ ប្រាជ្ញ​ ឈួន​ បាន​តម្កល់​ធ្វើ​បុណ្យ​ទក្ខិណា​នុប្បទាន​ តាម​ប្រពៃណី​ ព្រះពុទ្ធសាសនា​ នៅ​សាលា​ធម្ម​សភា​វត្ត​បុទុម​វត្តី​ សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ។

សូមរំលឹកថា កាលពីឆ្នាំមុន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ​ នោះ លោកតាប្រាជ្ញ ឈួន បានបង្ហើបសំនៀងយ៉ាង ក្រអួនក្រអៅជាសាធារណៈដ៏កម្រ បន្ទាប់ពីលោកតាបានឈប់ច្រៀងចាប៉ីអស់ជាច្រើនឆ្នាំដោយសារតែបញ្ហាសុខភាព។

នៅក្នុងកម្មវិធីនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបំពាក់មេដាយកិត្តិយស «មុនីសារភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍» និងផ្តល់ឋានៈ ស្មើនឹងថ្នាក់ អគ្គនាយក ជូនលោកតា ដែលទទួលបានប្រាក់ខែពីរាជរដ្ឋាភិបាល ដើម្បីជាការតបស្នង ចំពោះស្នាដៃរបស់លោក ជាមរតកមនុស្សរស់ដែលបានប្រឹងប្រែងលើកស្ទួយសិល្បៈចាប៉ីដងវែងរបស់កម្ពុជា។

លោកព្រឹទ្ធាចារ្យសិល្ប:ភិរម្យវោហារ ប្រាជ្ញ ឈួន ត្រូវបានក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ ចាត់ចូលជា សម្បត្តិបេតិក​ភណ្ឌ​មនុស្សរបស់កម្ពុជានិងអង្គការយូណេស្កូ ដោយសារទេពកោសល្យប៉ុនប្រសព្វក្នុងការប្រើប្រាស់ពាក្យពេជ្រ និងកេរ្ត៍ឈ្មោះ ល្បីល្បាញតាមរយៈចម្រៀងចាប៉ីដងវែងជាច្រើនទសវត្សមកហើយនៅព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្នលោកតា ស្នាក់នៅផ្ទះថ្មីរបស់លោកតាជាមួយគ្រួសារ ក្នុងភូមិស្រម៉ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ក្បែរនឹងវត្ត សមរវត្តី ដែលផ្ទះថ្មីនេះ ជាអំណោយផ្ទាល់ពីលោក ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ដែលប្រគល់ជូន លោកតាកាលពីឆ្នាំមុន៕ ចេស្តា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print