ស្រឡាញ់ពេកខាង​ស្រី​​ទៅ​ដេក​ជាមួយ​ខាងប្រុសជាង​១០​ថ្ងៃ ត្រូវម្ដាយនាងប្រើល្បិចជាប់ខ្នោះ​

ចែករំលែក៖

ខេត្តបាត់ដំបង៖ ដោយសារភាពស្មោះស្ម័គ្រនឹងស្នេហា ភក្ដីនឹងនារីជាគូសង្សារកំណាន់ចិត្ត បុរសម្នាក់ត្រូវម្ដាយខាងស្រ្ដីប្រើល្បិចល្បូងឲ្យចូលអន្ទាក់ជាប់ខ្នោះសមត្ថកិច្ច ព្រោះតែរូបគេបានទៅសំងំ​រួមរស់ជាមួយនឹងកូនក្រមុំគេអស់រយៈពេលជាង១០ថ្ងៃ។

ស្រឡាញ់ពេក

ការឃាត់ខ្លួនយុវជនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅផ្ទះនាងជាសង្សារក្នុងភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះឈ្មោះ លឿ​ប​ សុ​វណ្ណា ហៅ​វ៉ិត អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​ពងមាន់ ឃុំ​តា​គ្រាម​ ស្រុក​បាណន់ ខេត្ត​បាត់ដំបង។ រីឯ​នារី​រងគ្រោះ​មាន​ឈ្មោះ ឡ ស ល អាយុ​២០​ឆ្នាំ​ រស់នៅ​ត្រង់​ចំណុច​ឃាត់ខ្លួន​ខាងលើ។​

តាមប្រភពបានឲ្យដឹងថា ការឃាត់ខ្លួនយុវជនខាងលើ គឺយោងតាមពាក្យបណ្ដឹងរបស់ម្ដាយ​ឪពុក​ខាងស្រ្ដី​ បន្ទាប់ពីពួកគាត់បានដឹងថា យុវជនខាងលើនេះបានទៅរួមរស់ជាមួយនឹងកូនក្រមុំពួកគាត់​អស់រយៈពេលជាង១០ថ្ងៃ។

តាមសម្ដីរៀបរាប់របស់យុវជនដែលត្រូវឃាត់ខ្លួនបានរៀបរាប់ថា កន្លងមករូបគេ​ និង​នាងខាងលើ​ធ្លាប់​មាន​ការ​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​ជា​យូរ​មក​ហើយ នៅមុន​ពេល​ឃាត់ខ្លួន​ប្រមាណ​ជាង​១០​ថ្ងៃ គឺ​តាំងពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ខណៈ​ដែល​ខ្លួន​កំពុង​តែ​នៅផ្ទះ ក្នុង​ភូមិ​អូរ​ពងមាន់ ក៏​ស្រាប់តែនាង​ជាគូសង្សារ​ដែល​ខ្លួន​ស្រលាញ់ បាន​ធ្វើដំណើរ​ទៅដល់​ផ្ទះ​របស់​ខ្លួន​ ហើយក៏​បានរស់នៅ​ទីនោះ​តែម្ដង ដោយ​នាង​មិន​ព្រម​ចាក​ចេញទៅ​ទីណា​នោះ​ឡើយ ​ទោះបីជា​ខ្លួន​បាន​ប្រាប់​នាងឲ្យត្រឡប់ទៅផ្ទះ​វិញ​ក៏ដោយ​ ក៏​នាង​មិន​ព្រម​ដែរ។​ ចាប់តាំងពី​ពេលនោះ​មក គឺ​ក្នុង​រយៈពេល​ជាង​១០​ថ្ងៃនេះ នាង​បាន​ចូលមក​សម្រាក​ជាមួយ​ខ្លួន​រាល់​យប់​ មិនដែល​ខាន​យប់​ណា​ឡើយ។ ដោយហេតុតែ​ចិត្ត​ស្រលាញ់ ​ហើយខ្លួន​ក៏​មាន​ចិត្ត​ស្រលាញ់​ទៅលើ​នាង​វិញ​យ៉ាង​ខ្លាំង​ណាស់​ដែរ គឺ​មិន​ចង់ឲ្យនាងបែក​ទៅ​ណា​នោះឡើយ ទើបព្រមឲ្យនាងនៅជាមួយតែម្ដងទៅ។ រយៈពេល​ដែលរួមរស់ជាមួយគ្នាប៉ុន្មាន​ថ្ងៃនេះ ​ខ្លួន​ក៏បាន​រួមភេទ​ជាមួយ​នាង​គ្មាន​លោះ​មួយ​យប់​ណា​នោះ​ឡើយ ហើយក៏​គ្មាន​ការ​បង្ខំ​ដែរ ដោយ​នាង​ក៏​ព្រម​ប្រគល់​ខ្លួនប្រាណ​មកឲ្យ​ដោយ​សុទ្ធចិត្ត។​

យុវជនដដែលបន្ដថា លុះនៅថ្ងៃកើតហេតុ នាង​ក៏បាន​វិល​ត្រឡប់​ទៅផ្ទះ​របស់​នាង​វិញ។ ​នៅ​យប់​នោះ​ហើយ ​ក្រុម​គ្រួសារ​របស់​នាង​បាន​ទូរស័ព្ទទៅ​ខ្លួន ដោយប្រាប់ឲ្យខ្លួន​ធ្វើដំណើរ​ទៅផ្ទះ​នាង​ទាំង​យប់ ដើម្បី​និយាយ​ពី​រឿង​របស់ពួកគេ។ ពេលនោះគេក៏បានធ្វើដំណើរទៅផ្ទះនាងជាសង្សារទាំងយប់ តែពេលទៅដល់ក៏ត្រូវកម្លាំងនគរបាលចាប់ដាក់ខ្នោះតែម្ដង។

ក្រោយពីយុវជនខាងលើត្រូវចាប់ខ្លួន មានការរិះគន់យ៉ាងច្រើនពីសំណាក់អ្នកជិតខាង ក៏ដូចជា​សាច់ញាតិខាងប្រុស ពួកគេបានលើកឡើងថា នេះមិនមែនជាការបង្ខិតបង្ខំនោះទេ អ្វីៗដែល​កើតឡើង គឺសុទ្ធតែជាការស្មោះស្ម័គ្រទាំងសងខាង។ ម្យ៉ាងវិញទៀត រឿងនេះក៏មិនមែនជាកំ​ហុសរបស់​ខាងប្រុសទាំងស្រុងនោះដែរ ដំបូងឡើយគឺខាងស្រីនោះទេ ដែល​ទៅរួមរស់ជាមួយគេ ដែលទោះបីជា​គេប្រាប់ពន្យល់យ៉ាងណាក៏មិនព្រមចេញ។ យ៉ាងណាៗរឿងនេះ គឺមិនអាចយកហិង្សាមកដោះស្រាយ​បាននោះទេ បើអង្ករវាជ្រុលក្លាយជាបាយទៅហើយ គួរតែសម្រួលគ្នាឲ្យពួកគេទាំង២នាក់រួមរស់​នៅជា​មួយ​គ្នាទៅ ព្រោះថាពួកគេស្រឡាញ់គ្នាណាស់។

បើទោះបីជាមានការរិះគន់យ៉ាងណាក្ដី នៅថ្ងៃកើតហេតុ ភាគីខាងស្រីនៅមិនទាន់មានទំនោរលើ​ការចរចារ​ជាមួយ​ខាងប្រុសនៅឡើយទេ។ ដោយឡែកបច្ចុប្បន្ន​ សមត្ថកិច្ច​កំពុងតែ​រៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​ខ្លួន​យុវជន​រូប​នេះ​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បីមាន​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print