ខេត្តកំពង់ចាម ៖ បុរសម្នាក់ដែលគេដឹងថាជាកូនក្នុងគ្រួសាអ្នកមាននៅក្រុងកំពង់ចាម បានបញ្ចេញកំហឹងដោយបើករថយន្តធុនត្រាបុករះផ្ទះរបស់ខ្លួន និងបន្តបុករះរថយន្តរបស់គេចតទុកចោល បណ្តាលឲ្យខូចខាត ចំនួន២គ្រឿង រួចបន្ថែមល្បឿនដូចហោះឡើងលើសួនច្បារបន្តបុកដើមស្លាបាក់អស់ជាច្រើនដើមទៀត ដែលគេ សង្ស័យមានទំនាស់ក្នុងគ្រួសារ ។ ហេតុការណ៍បង្កគ្រោះថ្នាក់ចរាចរណ៍ផ្អើលអស់មនុស្សម្នាមួយចំហៀង ក្រុង កំពង់ចាម ស្រដៀងលក្ខណៈបង្កឡើងចេតនានេះ បានកើតឡើងនៅវេលាម៉ោង៧ និង៣០ថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០១៨ នៅចំណុចមុខ សាលារៀនវាលវង់ចាស់ ស្ថិតក្នុងភូមិទី៤ សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុអោយដឹងថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍រូបនេះឈ្មោះ ជា វ៉ាន់ឌី ហៅទី ភេទ ប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទី៥សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
សាក្សីឲ្យដឹងថា នៅមុនកើតហេតុវេលាម៉ោងថ្ងៃខែឆ្នាំខាងលើ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយ ឈ្មោះ ជា វ៉ាន់ឌី ហៅទី បើកបររថយន្តម៉ាក ធុនត្រា ពណ៌ស ស្លាកលេខភ្នំពេញ2AA.1886 បានធ្វើសកម្មភាព បើករថយន្តធុនត្រាបុករះផ្ទះរបស់ខ្លួន និងបន្តបុករថយន្តរបស់គេចតទុកចោល បណ្តាលឲ្យខូចខាតចំនួន២គ្រឿង រួចបន្ថែមល្បឿនដូចហោះបើកឡើងលើសួនច្បារបុកដើមស្លាបាក់អស់ជាច្រើនដើមទៀត ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះមកធ្វើកំណត់ហេតុតាមជំនាញនិងបញ្ជាក់ថា រថយន្តទាំង២គ្រឿងដែលរងការ ខូចខាត ១-រថយន្តម៉ាកធុនត្រា ពាក់ស្លាកលេខភ្នំពេញ2Ai.8485 ជាកម្មសិទ្ធិឈ្មោះ វ៉ា ពេជ្រ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិទី៩ សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម , ទី២-រថយន្តម៉ាក វីហ្គោហ៉ីលុច ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ2X.6858 ជាកម្មសិទ្ធិឈ្មោះ អ៊ាម ម៉ូវហ៊ាង ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិទី៤ សង្កាត់ វាលវង់ ក្រុង-ខេត្តកំពង់ចាម (រថយន្តទាំង២គ្រឿងរងការខូចខាតកម្រិតស្រាល) និងបាក់ដើមស្លា២ដើម ។
សមត្ថកិច្ចជំនាញផ្នែកជំនាញចរាចរក្រុងកំពង់ចាមបានឲ្យដឹងថា ចំពោះអ្នកបើកបរ និងវត្ថុតាង បាននាំមកកាន់ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីដោះស្រាយតាមច្បាប់ ។
សមត្ថកិច្ចអះអាងថា រថយន្តម៉ាកធុនត្រាស្លាកលេខភ្នំពេញ2AA.1886 ដែលឈ្មោះ ជា វ៉ាន់ឌី ហៅទី បើកបង្ក ឲ្យមានគ្រោះថ្នាក់នេះ ជាកម្មសិទ្ធិឈ្មោះ ផល ឈួង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសូទិប ឃុំសូទិប ស្រុក ជើងព្រៃ ខេត្តកំពង់ចាម ៕ វណ្ណៈ