ខេត្តស្ទឹងត្រែង៖ ជនសង្ស័យម្នាក់លួចម៉ូតូ១គ្រឿងពីខេត្តត្បូងឃ្មុំចូលមកខេត្តស្ទឹងត្រែងត្រូវបានកម្លាំងនគរបាលស្រុកសៀមបូកក្រោមការបញ្ជារបស់លោកស្នងការនគរបាលខេត្ត និងមានការសហការជាមួយនគរបាលខេត្តត្បូងឃ្មុំចុះស្ទាក់ចាប់បានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ស្ថិតនៅចំណុចភូមិកោះសំពាយ ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងបានបញ្ជូនទៅកាន់នគរបាលខេត្តត្បូងឃ្មុំនាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ដើម្បីចាត់ការបន្ត ។
មន្ត្រីនគរបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់បាននោះមានឈ្មោះទិត្យ ស្នា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឃុំអូរឬស្សីកណ្តាល ស្រុក សៀមបូក ខេត្តស្ទឹងត្រែង ។
ប្រភពបន្តថា ចំណែកឯម៉ូតូដែលជនសង្ស័យលួចនោះជាប្រភេទ ម៉ាកវ៉េវ អាល់ហ្វាពណ៍ក្រហម គ្មានស្លាកលេខ លួចពីចំណុចភូមិគោកឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយករណីលួចនេះ គឺជនសង្ស័យបានប្រព្រឹត្តកាលពីថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ និងត្រូវកម្លាំងនគរបាលចាប់ខ្លួនបានកាលពីថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។
ក្រោយការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទរបស់សមត្ថកិច្ចខាងលើពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ និងម៉ូតូត្រូវបានកម្លាំងនគរបាលខេត្តស្ទឹងត្រែងបញ្ជូនទៅឲ្យកម្លាំងនគរបាលខេត្តត្បូងឃ្មុំចាត់បន្តទៅតាមនិតិវិធីច្បាប់ ៕
ដោយ៖ អ៊ុចសាវុទ្ធ