ថ្ងៃ ៣០ វិច្ឆិកា ធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅខេត្តព្រះសីហនុ ក្រសួងព័ត៌មានឲ្យអង្គភាពព័ត៌មានជួយ ផ្សព្វផ្សាយ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានប្រកាសជំរុញដល់ម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្សព្វផ្សាយ ស្តីពី «ការធ្វើលំហាត់ សមយុទ្ធទ្រង់ទ្រាយធំ គ្រប់គ្រងគ្រោះអាសន្ន» នៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ(KOS-EX18) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះឲ្យបានទូលំទូលាយ។

ក្នុងសេចក្ដីជូនដំណឹង របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កញារីទ្ធ ចុះថ្ងៃទី២០ខែវិច្ឆិកា កន្លងទៅនេះបានឲ្យដឹងថា «ការធ្វើសមយុទ្ធនេះ គឺសំដៅធ្វើការហ្វឹកហ្វឺនសាកល្បងដល់អាជ្ញាធរដែនដី និងភ្នាក់ការពាក់ព័ន្ធនានា ដើម្បីជាបទពិសោធន៍ ក្នុងការជួយសង្គ្រោះជនរងគ្រោះនៅពេលមានគ្រោះ មហន្តរាយហោះ ដែលកើតឡើងជាយថាហេតុ នៅក្នុង ឬនៅជុំវិញអាកាសយានដ្ឋាន អន្តរជាតិខេត្តព្រះសីហនុ»។

នៅក្នុងលំហាត់សមយុទ្ធនេះ នឹងមានការដុតប្រេង និងដុតកង់ឡានចាស់ៗ បង្កើតបានជាអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ ជាសិប្បនិមិ្មត ប្រធានបទនៃការធ្លាក់យន្តហោះក្នុងអាកាសយានដ្ឋាន ព្រមទាំងមានការប្រកាសអាសន្នដល់អាជ្ញាធរដែនដី ភ្នាក់ងារនានា កងកម្លាំងប្រដាប់អាវុធ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យនានា រថយន្តពន្លត់អគ្គិភ័យនៅជុំវិញខេត្តព្រះសីហនុបានដឹងនឹងជួយធ្វើអន្តរាគមន៍។

សេចក្ដីជូនដំណឹងដដែល បន្តថាការចូលរួមផ្សព្វផ្សាយ របស់បណ្តាញពផ្សព្វផ្សាយនានា គឺដើម្បីចៀសវាងនូវការភាន់ច្រឡំ ពីសាធារណជន ទៅទូទាំងប្រទេសកម្ពុជា និងជាពិសេសនៅខេត្តព្រះសីហនុ និងភ្ញៀវជាតិ-អន្តរជាតិ ដែលធ្វើដំណើរកម្សាន្ត និងស្នាក់នៅក្នុងខេត្តព្រះសីហនុ ឱ្យបានជ្រួតជ្រាបកុំឱ្យមានការភិតភ័យ និងចៀសវាងការភាន់ច្រឡំណាមួយដែលនាំឱ្យជនឱកាសនិយមឆ្លៀត ឱកាសធ្វើសកម្មភាព ឬផ្សព្វផ្សាយនូវព័ត៌មានមិនពិតបង្កចលាចលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់នៅខេត្តព្រះសីហនុ និងព្រះរាជាណាចក្រកម្ពុជាយើង ៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print