ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មានកិត្តិយស សូមជម្រាបជូន សាធារណជន សមាជិក សមាជិកា និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ ដែលស្របនឹងខួបទី៤០ឆ្នាំរបស់ខ្លួន នៃការប្រមូលផ្តុំយុវជនគ្រប់ទិសទី ជាមហាកម្លាំងសាមគ្គី ក្នុងការរួមចំណែកកសាងបន្ថែម និងលើកកម្ពស់ប្រទេសកម្ពុជាជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
ព្រឹត្តិការណ៍មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារ សុខាភ្នំពេញនេះ នឹងផ្តោតការយកចិត្តទុកដាក់លើការបូកសរុបការងារឆ្នាំ២០១២–២០១៨ និងទិសដៅការងារឆ្នាំ២០១៨–២០២៣ ព្រមទាំងការបោះឆ្នោតជ្រើសតាំងសមាជិក ជាមួយកិច្ចពិភាក្សា និងការអនុម័តលើការកែប្រែលក្ខន្តិកៈនៃសហភាពសហព័ន្ធយុវជនកម្ពុជា។
ព្រឹត្តិការណ៍មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤នៃសហភាពសហព័ន្ធយុវជនកម្ពុជា នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមដោយវត្តមានឥស្សរជនជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀតផងដែរ។
សហភាពសហព័ន្ធយុវជនកម្ពុជា ជារណសិរ្សទូលំទូលាយនៃយុវជនកម្ពុជា ដែលបានបន្តបេសកកម្មពីសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងសមាគមយុវជនកម្ពុជា ដែលបានបដិសន្ធិនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងគោលដៅសំខាន់បំផុតដើម្បីប្រមូលផ្តុំយុវជនគ្រប់ទិសទី ជាមហាកម្លាំងសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន សមាជិក សមាជិកា និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ជ្រាបជាព័ត៌មាន។ សម្រាប់ការចុះឈ្មោះចូលរួមយកព័ត៌មាន សូមទាក់ទងមកកាន់ លោក ទិត ច័ន្ទតារា តាមរយៈលេខទូរស័ព្ទ ០៩៦ ៩៩៩ ៣៩៣៣ ឬ កញ្ញា ដារ៉េត រ៉ូហ្សាលីន តាមរយៈលេខទូរស័ព្ទ ០៨១ ៨២០០៨១ ៕