ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងនគរបាលរដ្ឋបាលបន្ទាយដី ឃាត់ខ្លួនយុវជន ២នាក់ កំពុងធ្វើសកម្មភាពចែកចាយសារធាតុញៀន រួមទាំងវត្ថុតាង ។
ប្រតិបត្ដិការបង្ក្រាបជនចែកចាយសារធាតុញៀន រួមទាំងវត្ថុតាងខាងលើ ប្រព្រឹត្តឡើងកាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុចភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់ ។
ជនសង្ស័យត្រូវឃាត់ខ្លួនត្រូវបានគេស្គាល់ទី១-ឈ្មោះ ជិក ភារម្យ ភេទប្រុស អាយុ២១ឆ្នាំ (ខ្មែរឥស្លាម) មានទីលំនៅភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងដកហូតបានសារធាតុញៀន ប្រភេទម៉ាទឹកកកចំនួន ៤កញ្ចប់តូច រួមទាំងទូរស័ព្ទដៃ ខណៈជនសង្ស័យបានចែកចាយទៅឱ្យ ឈ្មោះ ទិត រ៉េត ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
នគរបាលក្រុងពោធិ៍សាត់បានបញ្ជាក់ឱ្យដឹងដែរថា ករណីនេះកម្លាំងឈានដល់ការឃាត់ខ្លួនពួកគេ គឺតាមដានតាមរយៈទូរស័ព្ទពេលគេកំពុងធ្វើសកម្មភាពចែកចាយ ហើយករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនពួកគេ រួមទាំងវត្ថុតាងទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តតាមនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន