ភ្នំពេញ៖ ជនសង្ស័យពីរនាក់ ត្រូវនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាល អន្តរាគមន៍ខណ្ឌដង្កោ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ ចាប់វាយខ្នោះ នាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការសាកសួរ ករណីឆក់កាបូប ។
ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង១០ និង៤៥នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចតាមបណ្តោយផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលត្រូវឃាត់ខ្លួន ទី១ឈ្មោះ សែម រតនៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ និងទី២ឈ្មោះ ភាន សុភ័ណ្ឌ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះជួលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មធ្យោបាយ ម៉ូតូ ១គ្រឿង ម៉ាក ស្មាស់ រីវ៉ូ ពណ៍ខៀវ គ្មានស្លាកលេខ ។ ដោយឡែកជនរងគ្រោះនៅក្នុងករណីនេះមិនស្គាល់អត្តសញ្ញាណនោះទេ ដោយសារជនសង្ស័យធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច ទើបជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹង។
សមត្ថកិច្ចប្រាប់ដោយយោងតាមចម្លើយសារភាពពីជនសង្ស័យថាមុនពេលកើតហេតុ គឺជនសង្ស័យទាំង២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក ស្មាស់ រីវ៉ូ ពណ៍ខៀវ គ្មានស្លាកលេខ ធ្វើ ដំណើរចេញពីភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ តាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញជនរងគ្រោះ មានគ្នាពីរនាក់ (ប្រុស១នាក់ ស្រី១នាក់) ជិះម៉ូតូ ១គ្រឿង ម៉ាក សេ១២៥ ពណ៍ខ្មៅ មិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូងដូចគ្នា ដោយមនុស្សប្រុសជាអ្នកឌុប ហើយមនុស្សស្រីអង្គុយនៅខាងក្រោយមានស្ពាយកាបូប ។ ដោយឃើញបែបនេះ ជនសង្ស័យដែលអង្គុយខាងក្រោយឈ្មោះ សែម រតនៈ បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ តែមិនបានសម្រេចនោះទេ ប៉ុន្តែត្រូវបានជនរងគ្រោះស្រែកឆោរឡោឡើង ថា ចោរៗ បង្កការភ្ញាក់ផ្អើល ដល់កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ចេញជួយចេញអន្តរាគមន៍ ស្ទាក់ចាប់បានជនសង្ស័យទាំង២នាក់ វាយខ្នោះនាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការសួរនាំ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ សមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕
ដោយ៖ ភារ៉ាដង្កោ