ខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី២ ខែធ្នូ ប្រជាពលរដ្ឋជាច្រើនរយនាក់មកពីភូមិបរឡយ ឃុំកិៈចុង ស្រុកបរកែវ ខេត្តរតនគិរីមកជួបជុំគ្នានៅមុខសាលាដំបូងខេត្តរតនគិរី ដើម្បីទាមទារយុត្តិធម៌ករណីវិវាទដីធ្លីជាមួយលោកហ៊ាង សុជាតិ ដែលបានកើតឡើងជាច្រើនឆ្នាំកន្លងទៅ ។
បើតាមលោកសុន សាក់ អាយុ៦០ឆ្នាំ ជនជាតិខ្មែរតំណាងអោយប្រជាពលរដ្ឋប្រមាណ៣០០នាក់ប្រាប់ឲ្យដឹងថា ពួកគាត់មកជួបជុំគ្នាមុខតុលាការក្នុងព្រឹកនេះគឺបន្ទាប់ពីតំណាងពួកគាត់ចំនួន៥នាក់ ត្រូវបានមន្ត្រីតុលាការកោះអញ្ជើញចូលរួមបើកសវនាការ ។
លោកថា គោលបំណងពួកគាត់សូមអោយស្ថាប័ណ្ណតុលាការផ្តល់ភាពយុត្តិធម៌ ព្រោះពួកគាត់រស់នៅលើដីនេះចាប់តាំងពីឆ្នាំ២០០៦-២០០៧ មកម្ល៉េះ ។ ស្រាប់តែលេចមុខលោកហ៊ាង សុជាតិ តាមរយៈមេធាវី បានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តដើម្បីទាមទារយកដីមានវិវាទខាងលើ ។
ដោយឡែកលោក ឆាយ ធី អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តរតនគិរីប្រាប់ឲ្យដឹងថា ករណីទំនាស់ដីធ្លីខាងលើនេះ កន្លងមកប្រជាពលរដ្ឋនៅតំបន់ខាងលើសុំអន្តរាគមន៍ផ្នែកច្បាប់មកខាងលោក ។
លោកបញ្ជាក់ឲ្យដឹងទៀតថា មន្ត្រីសមាគមអាដហុកបានចុះស៊ើបអង្កេតលើទំនាស់ដីធ្លីនៅតំបន់ខាងលើព្រមទាំងបានដាក់មេធាវីការពារក្តីជូនពួកគាត់ ហើយប្រជាពលរដ្ឋមកធ្វើការតវ៉ានេះ ចំនួន២លើករួចមកហើយ។ តំណាងប្រជាពលរដ្ឋចូលរួមសវនាការនាព្រឹកនេះ(ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥) មានតែចំនួន៣នាក់ដោយ១នាក់បានស្លាប់បាត់ទៅហើយនឹងម្នាក់ទៀតបានចាកចេញពីភូមិមិនដឹងទៅរស់នៅកន្លែងណា។ ទោះបីជាយ៉ាងណាក៏ដោយការបើកសវនាការក្នុងព្រឹកនេះមិនទាន់ដឹងពីលទ្ធិផលនៅឡើយទេ ព្រោះមិនអាចទំនាក់ទំនងសុំការបំភ្លឺពីមន្ត្រីតុលាការណាម្នាក់បានទេនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥នេះ ៕
,
ដោយ៖ អ៊ុចសាវុទ្ធ