ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយក្នុងចង្កោមអ្នកសិល្បៈ និងអ្នកស្គាល់ផលិតកររឿង “ឆន្ទា” គឺលោក ជា ឌីណាង ថាបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅតំបន់ភ្នំបាសិត។ ផលិតកររូបនេះបានភ្ញាក់ផ្អើលខ្លាំងនឹងដំណឹងមួយនេះនឹងបានច្រានចោលថាជាដំណឹងមិនពិត ។
មានការភ្ញាក់ផ្អើលចំពោះព័ត៌មានលេចលឺថាលោកជួបគ្រោះថ្នាក់ចរាចរដ៏រន្ធត់រហូតដល់ស្លាប់កាលពីពេលថ្មីៗនៅភ្នំបាសិត។ ព្រោះតែតាមប្រភពពីប្រជាពលរដ្ឋម្នាក់រស់នៅម្ដុំភ្នំបាសិត បានចែករំលែកដំណឹងថាគេបានឃើញអ្នកដឹកនាំរឿងរូបនេះរថយន្តបុកមនុស្ស និងមិនព្រមរត់គេច ដោយត្រូវប្រជាពលរដ្ឋវាយសម្លាប់ ហើយដំណឹងនេះមានអ្នកនិយាយតៗគ្នាថាលោក ជា ឌីណាង ពិតជាស្លាប់ពិតមែន។ប្រភពបានបញ្ជាក់ថា៖”ខ្ញុំគិតថាប្រហែលជាគាត់ ព្រោះធ្លាប់ស្គាល់ដែរនាពេលកន្លងទៅ ពេលគាត់ចុះថតរឿងមួយចំនួននៅម្ដុំនេះ” ។
ការភ្ញាក់ផ្អើលនេះក៏ស្របពេលដែល ស្នាដៃរបស់លោកគឺរឿង”ឆន្ទា” កំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN កំពុងទទួលការគាំទ្រពីទស្សនិកជន។ លោក ជា ឌីណាងបញ្ជាក់ដែរថាអាចនឹងមានការភ័ន្តច្រឡំមនុស្ស ឬហេតុការណ៍ទាំងនេះបើលោកបានជួបគ្រោះថ្នាក់ឬរងការវាយដំមែនអាចនឹងធ្វើឲ្យអ្នកសិល្បៈភ្ញាក់ផ្អើលខ្លាំងជាងនេះ។
ទោះជាយ៉ាងណាក៏ដោយពាក់ព័ន្ធបញ្ហាជួបគ្រោះថ្នាក់ចរាចរនេះលោក ជា ឌីណាង ជាអ្នកដឹកនាំរឿង”ឆន្ទា” ដែលជារឿងកំពុងល្បីល្បាញចូលរួមដោយតារាជើងចាស់ល្បីឈ្មោះអ្នកស្រី អម្ពរ ទេវី បានបញ្ជាក់ថា គឺជារឿងយល់ច្រឡំតែប៉ុណ្ណោះគ្មានហេតុការណ៍បែបនេះកើតឡើងចំពោះលោកឡើយ”។លោកបានលើកឡើងថា៖”ពិតជាមានការយល់ច្រឡំខ្លះមែន រហូតដល់មានអ្នកខ្លះតេសួរខ្ញុំពីបញ្ហានេះ។ តែខ្ញុំសូមបញ្ជាក់ថានេះអាចជាការយល់ច្រឡំតែប៉ុណ្ណោះ”។
ផលិតកររូបនេះបន្តថា ការយល់ច្រឡំរបស់ប្រជាពលរដ្ឋមួយចំនួនទំនងជាកើតឡើង អំឡុងពេលលោកថត វីដេអូអប់រំមួយស្ដីពីបញ្ហាគ្រោះថ្នាក់ចរាចរនៅម្ដុំ ភ្នំបាសិត កាលពីពេលថ្មីៗ ទើបធ្វើឱ្យរឿងយល់ច្រឡំនេះកើតឡើង។លោកបានអះអាងថានាកាលពីពេលថ្មីៗលោកបានចូលរួមថតវីដេអូមួយពីការគ្រោះថ្នាក់ចរាចរ ហើយក្នុងនោះលោកបានចូលរួមសម្ដែង ហើយការថតនោះលោកបានស្លាប់ក្នុងឧបទ្ទេវហេតុផងដែរ។
គួរបញ្ជាក់ដែរថាលោក ជា ឌីណាង គឺជាផលិតករម្នាក់មានប្រភពមកពីខេត្ត សៀមរាប។ លោកធ្លាប់ចូលរួមដឹកភាពយន្តជាច្រើនឱ្យបណ្ដាផលិតកម្មនានា តែភាពយន្តធ្វើឱ្យលោកមានឈ្មោះក្នុងពិភពសិល្បៈគឺរឿង”ឆន្ទា” កំពុងចាក់ផ្សាយនៅ CTN នាពេលនេះ។មុនពេលក្លាយជាផលិតករលោក ជា ឌីណាង បានឆ្លងកាត់ការលំបាក់ជាច្រើន ដោយផ្ដើមដំបូងជាអ្នកអូសខ្សែភ្លើងឱ្យផលិតកម្មមួយ។ តែដោយការស្រលាញ់ និងចូលចិត្តវិស័យភាពយន្តលោកបានខិតខំតស៊ូ រៀនសូត្រជាច្រើនទើបអាចក្លាយជាផលិតករល្បីឈ្មោះម្នាក់ខណៈដែលស្នាដៃលោកជាច្រើនបាននឹងកំពុងទទួលបានការគាំទ្រច្រើនពីទស្សនិកជន៕ ដោយ វឌ្ឍនា