ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកលី សុខលេងកាលពីព្រឹកថ្ងៃទី០២ខែ ធ្នូឆ្នាំ ២០១៥ នេះបានបន្តសាកសួរអង្គរក្ស៤នាក់របស់ឧកញ៉ាថោង សារ៉ាត់ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និងសមគំនិតពាក់ព័ន្ធការបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺដោយជនត្រូវចោទទាំង៤នាក់ ត្រូវបានតុលាការឃុំខ្លួនកាលពីថ្ងៃទី០៥ធ្នូ ២០១៤ យោងតាមមាត្រា២០០ និង២៩ នៃក្រមព្រហ្មទណ្ឌឃើញថាក្រុមជនត្រូវចោទទាំងអស់អាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិតប្រសិនបើតុលាការឃើញថា មានពិរុទ្ធភាពដូចការចោទប្រកាន់មែន ។
ជុំវិញហេតុការណ៍នៃការបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺធ្វើអោយកក្រើករាជធានីភ្នំពេញ កើតឡើងកាលពីវេលាម៉ោង០៧និង១៨នាទីយប់ថ្ងៃទី២២ វិច្ឆិកា ២០១៤ ខណៈលោកឧកញ៉ា អ៊ឹង ម៉េងជឺចុះពីរថយន្តឡិចស៊ីស៥៧០ដើម្បីទៅទិញផ្លែឈើនៅមុខហាងលក់ផ្លែឈើឡោ តិចសេងស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ។
អង្គរក្សទាំង៤នាក់នេះ មានឈ្មោះសៀង វាសនា អាយុ៤៤ឆ្នាំ ជាជនដៃដល់ជាយោធា បម្រើការនៅង៧០ មានស្រុកកំណើតសង្កាត់លេខ៥ ក្រុងតាខ្មៅនិងមានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិផ្លៀតសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានកូន២នាក់ ។ ២-ឈ្មោះមាស សម្បត្តិហៅទូច អាយុ២៧ឆ្នាំ ជាយោធា បម្រើការនៅង៧០ មានស្រុកកំណើតឃុំមេញស្រុកកោះអណ្តែត ខេត្តតាកែវនិងមានទីលំនៅបច្ចុប្បន្នផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាពខណ្ឌ៧មករា មានកូនម្នាក់ ។ ជនត្រូវចោទទាំង២នាក់ត្រូវបានតុលាការចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» ។ ទី៣ -ឈ្មោះកួយ ចាន់ថុល អាយុ២៩ឆ្នាំ (អ្នកមើលផ្លូវ) ជាអង្គរក្សមានស្រុកកំណើតនៅភូមិគោកព្រីង ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះឧកញ៉ា ថោង សារ៉ាត់ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានកូនម្នាក់និងទី៤ -ឈ្មោះលី សៅហៅរី អាយុ២៨ឆ្នាំ (អ្នកឌុបជនដៃដល់)មានស្រុកកំណើតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យនិងមានទីលំនៅបច្ចុប្បន្នផ្ទះលេខ៤៧ ផ្លូវជាតិលេខ២សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានកូនម្នាក់ ។
ជនត្រូវចោទទាំង២នាក់អ្នកទាំង៤ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុនដែលមានចែងក្នុងមាត្រា ២០០និងមាត្រា២៩នៃក្រមព្រហ្មទណ្ឌ ៕
ដោយ៖ ព្រែកជ័យ