ភ្នំពេញ៖ អភិបាលខណ្ឌសែនសុខ លោក លី សាវេត បានបញ្ជួនមន្ត្រីក្រោមឱវាទចុះដោះស្រាយជាមួយក្រុមហ៊ុនលាយបេតុង Golden BST Concrete CO.Ltd ដែលធ្វើអោយប៉េះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាងយ៉ាងធ្ងន់ធ្ងរ ដូចជាបង្ហូទឹកដាក់ផ្លូវ ធ្វើអោយផ្លូវខូច និងសំលេងរំខានដេកមិនបាន កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ដែលមានទីតាំងក្នុងដីឡូតិ៍លេខ២០៣ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
អាជ្ញាធរខណ្ឌសែនសុខបានបង្កើតជាគណះចុះមកពិនិត្យដល់ទីតាំងខាងលើក្នុងដីឡូលេខ២០៣ ផ្លូវបេតុ ភូមិរោងចក្រ សង្កាត់ភ្នំពេញ ថ្មីខណ្ឌសែនសុខ។ គណៈកម្មការចំរុះដែលចុះមកសំរបសំរួលនិងដោះស្រាយក្នុងមាន លោក ឡាយ ឧត្តម នាយករដ្ឋបាលខណ្ឌសែនសុខ លោកអ៊ុក សុភា អនុប្រធានការិយាល័យអត្តរវិស័យ លោកលឹម កែន ប្រធានការិយាល័យបរិស្ថានខណ្ឌ លោកញ៉ែម ហាក់ មេភូមិរោងចក្រនិងមានតំណាងក្រុមហ៊ុននិងតំណាង ប្រជាពលរដ្ឋជាច្រើននាក់ទៀត ។
ក្នុងនោះប្រជាពលរដ្ឋបានស្នើសុំចំនួន4ចំណុច ទី1-បញ្ចេញទឹកកខ្វក់ដែលមានជាតិស៊ីម៉ងត៍និងធូលីផ្សេងៗពីកាកសំណល់នៃការលាយបេតុងលាងថ្មខ្សាច់លាងសំអាតរថយន្តនិងឧបករណ៍ប្រើប្រាស់របស់រោងចក្រខ្លួនបង្ហូរចេញមកលើថ្នល់និងជុំវិញរាល់ថ្ងៃដែលបណ្តាលអោយមានភក់ជ្រាំមិនថារដូវប្រាំងឫក៍រដូវវស្សាឡើយ។ ទី2-បង្ហុយធូលីស៊ីម៉ង់ត៍ជាប្រចាំពិសេសនៅពេលយប់ ទី3-សូរសំម្លេងកងរំពងជាពិសេសដីផ្លេររថយន្តឧបករណ៍ចូកខ្សាច់និងលាយបេតុងការបង្ហូរបេតុងមិនថាថ្ងៃឫក៍យប់ថ្ងៃសៅរ៍ថ្ងៃអាទិត្យជួនកាលពាក់កណ្តាលអាធ្រាត្រ ជួនកាលមួយយប់ទល់ភ្លឺក៏មាន ដែលធ្វើអោយរំខានដំណេកអ្នកជិតខាង។ ទី4-បង្កអោយមានរថយន្តធុនធំដឹកស៊ីម៉ង់ត៍និងខ្សាច់ចតតាមដងផ្លូវនិងកាច់ជ្រុងផ្លូវបត់ពិបាកធ្វើចរាចរណ៍និងខូចផ្លូវ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនខាងលើបានជួលដីបន្ថែមជាប់នេះដើម្បីពង្រីកដំឡើងបន្ថែមបំពង់ថ្មីដែលស្ថិតនៅកៀកបំផុតនឹងលំនៅដ្ឋានរបស់ពួកគាត់ដែលមានការប៉ះពាល់ខ្លាំងដល់ការស់នៅពិសេសសុខភាពពួកគាត់នៅទីនោះ ។
កន្លងមកប្រជាពលរដ្ឋតែងតែអោយដោះស្រាយបញ្ហាខាងលើតែក្រុមហ៊ុននេះមិនអើពើឡើយគឺនៅដដែលទើបប្រជាពលរដ្ឋប្តឹងសុំអត្តរាគមន៍ពីលោកអភិបាលខណ្ឌមេត្តាអត្តរាគមន៍និងទប់ស្កាត់ករណីខាងលើរហូតដល់ព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥នេះអាជ្ញាធរខណ្ឌសែនសុខបានបង្កើតជាគណះចុះមកពិនិត្យនិងពិភាក្សាជាមួយតំណាងក្រុមហ៊ុនដល់ទីតាំងខាងលើដើម្បីអោយខាងក្រុមហ៊ុនរកដំណោះស្រាយជួនពួកគាត់ ។
ក្នុងការដោះស្រាយក្នុងករណីខាងលើនេះតំណាងខាងក្រុមហ៊ុនលោក ហ៊ន វិបុល យល់ព្រមយកសំណើររបស់ប្រជាពលរដ្ឋប៉ុន្តែសុំទុកពេលអោយខាង ក្រុមហ៊ុនរយៈពេលមួយខែដើម្បីជួបពិភាក្សាជាមួយថៅកែធំសិនមួយខែក្រោយនិងជួបជាមួយប្រជាពលរដ្ឋម្តងទៀត ដើម្បីឆ្លើយតបនិងសំណើររបស់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ថាប្រជាពលរដ្ឋដែលបានប្តឹងសុំអោយអាជ្ញាធរជួយអន្តរាគម៍មានប្រមាណជាង២០គ្រួសារដែលរងផលប៉េះពាល់យ៉ាងធ្ងន់ធ្ងរ ៕
ដោយ៖ តុង សីហា