ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំង៤នាក់ ត្រូវបង្ហាញខ្លួននៅលើសង្វៀនទូរទស្សន៍ ប៉ុស្តិ៍លេខ៥ អារីណា ក្នុងជំនួបប្រកួតមិត្តភាពរួមជាតិ មានដូចជាកីឡាករ ឡេះ តើក មកពីក្លិប ពុទ្ធសេរីវង្សកីឡាត្រូវ ជួបប្រកួតជាមួយកីឡាករ ហេង វិឆ័យ មកពីក្លិប កងពលតូចលេខ៧០ប្រភេទទម្ងន់៦៩គីឡូក្រាម ខណៈដែលកីឡាករ វៀង សាវ៉ន មកពីក្លិបគីសែមានប្ញទ្ធិ ត្រូវផ្គូផ្គងឲ្យប្រកួតជាមួយកីឡាករ ថៃ រិទ្ធី មកពី ក្លិប នាគរាជគុនខ្មែរក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម នាល្ងាចថ្ងៃអាទិត្យទី៦ ខែធ្នូឆ្នាំ២០១៥។
ជំនួបរវាងកីឡាករ ឡេះ តើក នឹង ហេង វិឆ័យ អាចនិយាយបានថា ជាការប្រកួតសងសឹកដោយកន្លងទៅ ពួកគេធ្លាប់បានវាយចាញ់និងឈ្នះគ្នាទៅវិញទៅមក ប៉ុន្តែការប្រកួតចុងក្រោយកីឡាករហេង វិឆ័យចាញ់ កីឡាករ ឡេះ តើកដោយពិន្ទុ។វិឆ័យ មានស្នៀតទាត់ល្អ មុនឡើងប្រកួតជាមួយ ឡេះតើកគេក៏ធ្លាប់វាយឈ្នះ អ្នកប្រដាល់ជើងចាស់ក្នុងស្រុក ជាច្រើននាក់ហើយដែរ។ក្នុងនោះហេង វិឆ័យ ធ្លាប់វាយឈ្នះ ឡេះ តើកដោយពិន្ទុចំនួន២ដង ដូច្នេះការប្រកួត នេះច្បាស់ណាស់ថា ពួកគេ ទាំង២នាក់ត្រូវប្រកួតសងសឹកដូចគ្នា ពីព្រោះការប្រកួតចាញ់និងឈ្នះនូវមិនទាន់បានបែងចែកច្បាស់ថាកីឡាកររូបណាម្នាក់ជាជើងខ្លាំងក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម នេះនៅឡើយ។
ចំណែកឯតួលេខប្រកួតចុងក្រោយ បានបញ្ជាក់ថា កីឡាករហេង វិឆ័យ វាយឈ្នះ កីឡាករ ពុទ្ធ ផនកុសលមពីក្លិបពុទ្ធសេរីវង្សក្នុងទឹកទី៤ ដែលជាសិស្សរួមគ្រូជាមួយឡេះ តើកដែរ។ទោះបីយ៉ាងនេះក្តីកីឡាករទាំង២នាក់ហាក់មិនសូវបានបង្ហាញមុខនៅលើសង្វៀន ញឹកញប់ដូចជាអ្នកប្រដាល់ឯទៀតឡើយ ។
ដោយឡែកការប្រកួត រវាងកីឡាករ ថៃ រិទ្ធី នឹងវៀង សាវ៉ន ពួកគេពុំធ្លាប់ជួបគ្នាទេកន្លងទៅ ដោយសារតែវៀង សាវ៉ន ជារៀមច្បង រីឯថៃ រិទ្ធី វ័យក្មេងនិងធ្លាប់ប្រកួតតែប្រភេទកីឡាMMA ឬក៏ហៅថាកីឡាវាយក្នុងទ្រុងដែក៨ជ្រុងប៉ុណ្ណោះ។ រវាងថៃ រិទ្ធីនឹងវៀង សាវ៉នបើប្រៀបធៀបប្រវត្តិប្រកួត និងបទពិសោធន៍នោះ ថៃ រិទ្ធី មានគម្លាតឆ្ងាយពី វៀង សាវ៉ន ដាច់តែម្តង ដូច្នេះការប្រកួតនេះ ហាក់បីដូចមានសមត្ថភាពខុសពីគ្នាដាច់ ប៉ុន្តែគេមានកម្លាំងសុហ្វមិនចាញ់ វៀង សាវ៉នឡើយ។
ក្រៅពីជំនួបប្រកួតរបស់កីឡាករទាំង៤នាក់ខាងលើនេះហើយក៏នៅមាន ការជួបប្រកួត រវាងកីឡាករ ជើងចាស់ ជ័យ វណ្ណះ មកពីក្លិបឃ្លាំងមឿងកីឡាជាមួយកីឡាករ ប៉ូ វ៉ាន់ស័ក្តិ មកពីក្លិបគីសែមានប្ញទ្ធិ ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។ កីឡាករ ឆាយ ម៉េត មកពីក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងប្រកួតជាមួយ កីឡាករ យិន បូរិន មកពីក្លិបអាស៊ីកីឡាក្នុងទម្ងន់៥៧គីឡូក្រាមផងដែរ៕
ដោយ៖ សារីម