កាលពីថ្ងៃទី៧ខែធ្នូ សារព័ត៌មាន Yomiuri របស់ជប៉ុនបានផ្សាយថា ជប៉ុននឹងចេញច្បាប់ ហាមប្រាមស្ថាប័នរដ្ឋាភិបាល ប្រទេសនេះទិញឧប្បករណ៍ ទូរគមនាគមន៍ពីក្រុមហ៊ុន បច្ចេកវិទ្យា Huawei និង ZTE របស់ចិន ដោយព្រួយបារម្ភពីការបែកធា្លយព័ត៌មានចារកម្ម និង ការវាយប្រហារតាមបណ្តាញ។
សារព័ត៌មាន Reuters បានផ្សាយថា រដ្ឋាភិបាលជប៉ុន នឹងអនុវត្តច្បាប់ផ្ទៃក្នុង ហាមទិញសម្ភារៈទូរគមនាគមន៍ ចាប់ពីថ្ងៃទី១០ខែធ្នូ ខាងមុខ ។បើទោះបីមិនបញ្ជាក់ឈ្មោះក្រុមហ៊ុន ណាដែលបានហាមប្រាម ទិញសម្ភារៈ តែមន្ត្រីរដ្ឋាភិបាលជប៉ុន បានបញ្ជាក់ថាប្រាកដជាក្រុមហ៊ុនទាំងពីរ Huawei និង ZTE នៅក្នុងបញ្ជីហាមទិញសម្ភារៈ ដោយខា្លចចារកម្ម។
មូលហេតុដោយសារតែក្រុមចារកម្មអាមេរិក សង្ស័យថា ក្រុមហ៊ុន Huawei មានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន ហើយសម្ភារៈ ទូរគមនាគមន៍ផលិតដោយ Huawei មាន«ទ្វាក្រោយ»ក្នុងគោលដៅបម្រើចារកម្ម។ ប៉ុន្តែអាមេរិកមិនបានបង្ហាញពីភស្តុតាង ណាមួយពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនោះឡើយ។ចំណែកក្រុមហ៊ុន Huawei ក៏បានច្រានចោលការចោទប្រកាន់ទាំងនោះផងដែរ ។ ជាមួយគ្នានោះ ប្រទេសអូស្ត្រាលី និង ញ៉ូវហ្ស៊ឺឡែន បានរារាំង ក្រុមហ៊ុន Huawei បង្កើនបណ្តាញ5G។ កាលពីថ្ងៃទី៥ខែធ្នូ ក្រុមហ៊ុន BT របស់អង់គ្លេស ក៏បានប្រកាស លុបឧប្បករណ៍ របស់ក្រុមហ៊ុន Huawei ចេញពី បណ្តាញសេវា 3G,4G នាពេលនេះ ។ ក្រៅពីនេះ អង់គ្លេស ក៏បាន សម្រេចឲ្យក្រុមហ៊ុនHuawei ចូលរួមនៅក្នុងសកម្មភាព បណ្តាញចល័តនៅក្នុងប្រទេសនេះឡើយ។
ពាក់ព័ន្ធនិងការចាប់ខ្លួនអគ្គនាយកហិរញ្ញវត្ថុ ក្រុមហ៊ុនHuawei ស្ថានទូតចិនប្រចាំប្រទេសកាណាដា បានជម្រុញឱ្យអាជ្ញាធរកាណាដា ដោះលែងអនុប្រធាន និងជាប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) ជាបន្ទាន់ ក្រោយកូនស្រីម្ចាស់ក្រុមហ៊ុនរូបនេះត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង វែនខូវើ (Vancouver) កាលពីដើមខែធ្នូកន្លងទៅពីបទសង្ស័យថា បានរំលោភបំពានលើទណ្ឌកម្មអាមេរិកប្រឆាំងអុីរ៉ង់។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ ស្ថានទូតចិន បានលើកឡើងយ៉ាងដូច្នេះថា «តបតាមសំណើរបស់សហរដ្ឋអាមេរិក កាណាដាបានចាប់ខ្លួនពលរដ្ឋចិនម្នាក់ ដែលមិនបានរំលោភលើច្បាប់អាមេរិក ឬកាណាដាទាល់តែសោះ… ដូច្នេះចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពដែលរំលោភ និងបំផ្លាញសិទ្ធិមនុស្សរបៀបនេះ ក៏ដូចជម្រុញឱ្យភាគីកាណាដា ដោះលែងពលរដ្ឋចិនជាបន្ទាន់»។
គួរបញ្ជាក់ថា លោកស្រី Meng Wanzhou ដែលជាកូនស្រីម្នាក់របស់ស្ថាបនិកក្រុមហ៊ុន Huawei គឺលោក រិន ចេងហ្វៃ (Ren Zhengfei) ផងដែរនោះត្រូវបានអាជ្ញាធរកាណាដា ចាប់ខ្លួនកាលពីថ្ងៃទី០១ ខែធ្នូកន្លងទៅ ពីបទសង្ស័យថា លោកស្រីបានរំលោភបំពានលើ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងអុីរ៉ង់ខណៈលោកស្រីត្រូវបានគេរំពឹងថា អាចនឹងត្រូវធ្វើបត្យាប័នបញ្ជូនខ្លួនទៅកាន់សហរដ្ឋអាមេរិក ដើម្បីប្រឈមមុខរឿងក្តីចោទប្រកាន់ខាងលើនេះ៕ ម្លិះ