ជប៉ុន នឹងដើរតាមអាមេរិក កាណាដាឈប់ទិញសម្ភារៈទូរគមនាគមន៍ ពីក្រុមហ៊ុន Huawei

ចែករំលែក៖

កាលពីថ្ងៃទី​៧ខែធ្នូ សារព័ត៌មាន​ Yomiuri ​របស់ជប៉ុនបានផ្សាយថា ជប៉ុននឹងចេញច្បាប់ ហាមប្រាម​ស្ថាប័នរដ្ឋាភិបាល ប្រទេសនេះទិញឧប្បករណ៍ ទូរគមនាគមន៍ពីក្រុមហ៊ុន បច្ចេកវិទ្យា​ Huawei ​និង ZTE ​របស់ចិន​ ដោយព្រួយបារម្ភពីការបែកធា្លយព័ត៌មានចារកម្ម និង ការវាយប្រហារតាមបណ្តាញ។
សារព័ត៌មាន​ Reuters ​បានផ្សាយថា រដ្ឋាភិបាលជប៉ុន នឹងអនុវត្តច្បាប់ផ្ទៃក្នុង ​ហាមទិញសម្ភារៈទូរគមនាគមន៍ ចាប់ពីថ្ងៃទី​១០ខែធ្នូ ខាងមុខ ។បើទោះបីមិនបញ្ជាក់ឈ្មោះក្រុមហ៊ុន ណាដែលបានហាមប្រាម ទិញសម្ភារៈ តែមន្ត្រីរដ្ឋាភិបាលជប៉ុន បានបញ្ជាក់ថាប្រាកដជាក្រុមហ៊ុនទាំងពីរ​ Huawei និង​ ZTE នៅក្នុងបញ្ជីហាមទិញសម្ភារៈ ដោយខា្លចចារកម្ម។
មូលហេតុដោយសារតែ​ក្រុមចារកម្មអាមេរិក សង្ស័យ​ថា ក្រុមហ៊ុន Huawei ​មានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន​ ហើយសម្ភារៈ ទូរគមនាគមន៍​ផលិតដោយ Huawei ​មាន«ទ្វាក្រោយ»ក្នុងគោលដៅបម្រើចារកម្ម។ ប៉ុន្តែអាមេរិកមិនបានបង្ហាញពីភស្តុតាង ណាមួយពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនោះឡើយ​។ចំណែកក្រុមហ៊ុន​ Huawei ​ក៏បានច្រានចោល​ការចោទប្រកាន់ទាំងនោះផងដែរ ។ ជាមួយគ្នានោះ ប្រទេសអូស្ត្រាលី និង ញ៉ូវហ្ស៊ឺឡែន បានរារាំង ក្រុមហ៊ុន​ Huawei ​បង្កើនបណ្តាញ​5G​។ កាលពីថ្ងៃទី​៥ខែធ្នូ ក្រុមហ៊ុន​ BT របស់អង់គ្លេស ក៏បានប្រកាស លុបឧប្បករណ៍ របស់ក្រុមហ៊ុន​ Huawei ​ចេញពី បណ្តាញសេវា​ 3G,4G ​នាពេលនេះ ។ ក្រៅពីនេះ អង់គ្លេស ក៏បាន សម្រេច​ឲ្យក្រុមហ៊ុន​Huawei ​ចូលរួម​នៅក្នុងសកម្មភាព បណ្តាញចល័ត​នៅក្នុងប្រទេសនេះឡើយ។
ពាក់ព័ន្ធនិងការចាប់ខ្លួន​អគ្គនាយកហិរញ្ញវត្ថុ ក្រុមហ៊ុ​ន​Huawei ស្ថានទូតចិន​ប្រចាំ​ប្រទេស​​កាណាដា បានជម្រុញឱ្យ​អាជ្ញាធរកាណាដា​ ដោះលែងអនុប្រធាន និងជាប្រធានផ្នែកហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) ជាបន្ទាន់ ក្រោយកូនស្រីម្ចាស់ក្រុមហ៊ុនរូបនេះ​ត្រូវបានចាប់ខ្លួននៅ​​ក្នុងទីក្រុង វែនខូវើ (Vancouver) កាលពី​ដើមខែធ្នូកន្លង​ទៅពី​បទសង្ស័យថា បានរំលោភបំពាន​លើទណ្ឌកម្មអាមេរិក​ប្រឆាំង​អុីរ៉ង់។ នៅក្នុង​សេចក្ដីថ្លែងការណ៍​ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ ស្ថានទូតចិន បាន​លើកឡើង​យ៉ាងដូច្នេះថា «តបតាម​សំណើរបស់​សហរដ្ឋអាមេរិក កាណាដា​​បានចាប់ខ្លួនពលរដ្ឋចិន​ម្នាក់ ដែលមិនបាន​រំលោភលើច្បាប់​អាមេរិក ឬកាណាដា​ទាល់តែសោះ… ដូច្នេះចិន​ប្រឆាំងយ៉ាងម៉ឺងម៉ាត់​ចំពោះសកម្មភាព​ដែលរំលោភ និងបំផ្លាញសិទ្ធិមនុស្ស​របៀបនេះ ក៏ដូចជម្រុញ​ឱ្យភាគីកាណាដា​ ដោះលែងពលរដ្ឋ​ចិន​ជាបន្ទាន់»។
គួរបញ្ជាក់ថា លោកស្រី Meng Wanzhou ដែលជាកូនស្រី​ម្នាក់របស់ស្ថាបនិក​ក្រុមហ៊ុន Huawei គឺលោក រិន ចេងហ្វៃ (Ren Zhengfei) ផងដែរនោះ​ត្រូវបានអាជ្ញាធរកាណាដា​ ចាប់ខ្លួនកាល​ពីថ្ងៃទី០១ ខែធ្នូ​កន្លងទៅ ពីបទសង្ស័យថា លោកស្រីបានរំលោភបំពានលើ ការដាក់ទណ្ឌកម្ម​របស់សហរដ្ឋអាមេរិកប្រឆាំងអុីរ៉ង់ខណៈលោកស្រី​ត្រូវបានគេរំពឹងថា អាចនឹងត្រូវធ្វើ​បត្យាប័នបញ្ជូនខ្លួន​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បីប្រឈមមុខ​រឿងក្តីចោទប្រកាន់​ខាងលើ​នេះ៕  ម្លិះ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print