ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៥ នៅក្នុងខេត្តពោធិ៍សាត់មានការកើនឡើង៣៨លើកបណ្ដាលឱ្យស្លាប់មនុស្សប្រុស ស្រីចំនួន ៨៦នាក់ របួសធ្ងន់ស្រាលចំនួន ៣៩៩នាក់បើប្រៀបធៀបនឹងឆ្នាំ២០១៤ ។
យោងតាមរបាយការណ៍ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការគ្រោះថ្នាក់ចរាចរណ៍គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ មានចំនួន ២៥៩លើក ដែលឆ្នាំ២០១៤កើតមានចំនួន ២២១លើក កើនឡើងចំនួន ៣៨លើក ស្មើនឹង ១៧.១៩ភាគរយ ។
ប្រភពបន្តថា ការស្លាប់មនុស្សប្រុស ស្រីមានចំនួន៨៦នាក់ស្រី ១៨នាក់ដែលឆ្នាំ២០១៤ ស្លាប់ ៧៤នាក់ កើនឡើង ១២នាក់ ស្មើនឹង ១៦.២១ភាគរយ។ រងរបួសធ្ងន់ចំនួន ២៥២នាក់ ស្រី ៦៧នាក់ ដែលឆ្នាំ២០១៤ របួសធ្ងន់ចំនួន ២០៦នាក់ កើនឡើងចំនួន ៤៦នាក់ ស្មើនឹង ២២.៣៣ភាគរយ។ របួសស្រាលចំនួន ១៤៧នាក់ ស្រី ៣៤នាក់ដែលឆ្នាំ២០១៤ចំនួន ១១៨នាក់ កើនឡើង ចំនួន ២៩នាក់ ស្មើនឹង ២៤.៥៧ភាគរយ ។
ក្នុងរបាយការណ៍បន្ដថា ការខូចខាតមធ្យោបាយធ្វើដំណើររួមមាន កង់ចំនួន ៩គ្រឿង, ម៉ូតូចំនួន ២៣៤គ្រឿង, រឺម៉កម៉ូតូចំនួន ៥គ្រឿង, គោយន្តកន្ដ្រៃចំនួន ១៧គ្រឿង, រថយន្តតូចចំនួន ៥៤គ្រឿង, រថយន្តធន់ធំចំនួន ២៩គ្រឿង ។ ក្នុងរបាយការណ៍ខាងលើបន្តទៀតថា មូលហេតុក្នុងការគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆ្នាំ២០១៥ខាងលើនេះ ប្រើប្រាស់ល្បឿនលឿនចំនួន ៩៩ករណី, បើកបរមិនប្រកាន់ស្ដាំចំនួន ៥០ករណី, បើកបរមានជាតិអាល់កុលចំនួន ២១ករណ, បើកបរជែងចំនួន ៤៣ករណី, បើកបរមិនគោរពសិទ្ធិអត្តិភាពចំនួន ២៨ករណី, បើកបរបត់ឆ្វេងបត់ស្ដាំឆ្លងផ្លូវចំនួន ៧ករណី, បើកបរងោគងងុយចំនួន ៣ករណី, កត្ដាផ្លូវចំនួន ៥ករណី, កត្ដាយានចំនួន ៣ករណី ។
ក្នុងនោះបានបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តពោធិ៍សាត់ចំនួន ១៩ករណី និងជនសង្ស័យ ៣នាក់(ប្រុស) និងបានយករថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ជួយសង្គ្រោះជនរងគ្រោះថ្នាក់ចរាចរណ៍ ទៅមន្ទីរពេទ្យបង្អែកខេត្តចំនួន ៨លើក មនុស្សចំនួន ២៣នាក់ ស្រី ៨នាក់ ៕
ដោយ៖ ប៉ឹម ពិន