ខេត្តស្វាយរៀង៖ ប្ដីប្រពន្ធ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនភ្លាមៗមកសាកសួរ បន្ទាប់ពីបានប្រើអំពើហិង្សាដោយយកទឹកអាស៊ីតចាក់ទៅលើជើងប្រពន្ធទាំងសងខាងមូលហេតុដោយសារតែប្រចែប្រច័ណ្ឌគ្នាទៅវិញទៅមកនិងអ្នកភូមិរបងជាមួយ ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ស្ថិតក្នុងភូមិសំរោង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុករមាសហែកបានអោយដឹងថាបុរសជាប្ដីមានឈ្មោះប៊ុន សំបូរ អាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដ និងស្ត្រីជាប្រពន្ធមានឈ្មោះហែមសំអាន អាយុ២៨ឆ្នាំមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចនគរបាលស្រុកបន្តថា ក្រោយពីធ្វើការសាកសួរប្ដីប្រពន្ធទាំងពីរបានឆ្លើយយកឈ្នះរៀងខ្លួនៗដោយប្ដីប្រច័ណ្ឌថាប្រពន្ធមានសាហាយស្មន់ជាមួយប្រុសផ្សេង ចំណេែកឯប្រពន្ធបានប្រាប់ថាមកពីប្ដីមានស្រីថ្មីមិនដែលគិតគូរដល់រូបគាត់ឡើយមិនតែប៉ុណ្ណោះបានធ្វើការចោទគ្នាទៅវិញទៅមកថាប្រពន្ធជាអ្នកចាក់ទឹកអាស៊ីតខណៈប្ដីថាខាងស្រីជាអ្នកចាក់ ។
រហូតមកដល់នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥សមត្ថកិច្ចនគរបាលស្រុកកំពុងសើបអង្កេតរកនរណាជាអ្នកប្រើទឹកអាស៊ីតវៃប្រហារទៅលើគេពិតប្រាកដ ។ ចំណែកប្ដីប្រពន្ធទាំង២នាក់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យស្រុករមាសហែកនៅឡើយ ៕
...
ដោយ៖ យឹម សុថាន