ខេត្តកណ្តាល៖ គ្រាប់ប្រភេទទម្លាក់ពីលើយន្តហោះម៉ាកMK៨២ដែលមានទម្ងន់ជាង២០០គីឡូក្រាម(៥០០ផោន)ត្រូវបានប្រជាកសិករប្រទះឃើញកប់នៅក្នុងដីស្រែ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ និង១៥នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម ។ ក្រោយពីឃើញយ៉ាងដូច្នេះម្ចាស់ស្រែឈ្មោះ ស៊ុំ ឆក បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋាន ហើយសមត្ថកិច្ចនគរបាលក៏បានចុះទៅដាក់ស្លាកសញ្ញាហាមឃាត់ មិនឲ្យប្រជាពលរដ្ឋចូលទៅជិត រងចាំមន្ត្រីជំនាញមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា “CMAC” ចុះទៅយកទទួលយក ។
នៅវេលាព្រឹកថ្ងៃទី៣ ខែធ្នួ ឆ្នាំ២០១៥ សមត្ថកិច្ចនគរបាលការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ-ជាតិពុល និងសមត្ថកិច្ចនគរបាលស្រុកល្វាឯមបានសហការជាមួយមន្ត្រីជំនាញ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា “CMAC” ចុះទៅជីកកកាយយកគ្រាប់ដែលប្រទះឃើញនោះចេញពីក្នុងដី ដើម្បីយកទៅកំទេចចោលនៅពេលក្រោយ ។
មន្ត្រីជំនាញ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានឲ្យដឹងថា គ្រាប់មួយគ្រាប់ដែលប្រជាកសិករប្រទះឃើញនេះ គឺជាប្រប្រភេទទម្លាក់ពីលើយន្តហោះម៉ាកMK៨២ផលិតនៅUSA មានទម្ងន់៥០០ផោន ស្មើនឹងទម្ងន់២២៧គីឡូក្រាម ប្រវែង២.២២ម៉ែត្រ មុខកាត់២៧៣សង់ទីម៉ែត្រ ។ គ្រាប់នេះវានៅសេះសល់តាំងពីសម័យសង្គ្រាមមកម្លេះ រហូតដល់បច្ចុប្បន្ននេះវានៅមានគុណភាពនៅឡើយ (នៅផ្ទុះ)៕
ដោយ៖ ស្អាងជ័យ