ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះចាប់ទាញម៉ូតូឱ្យដួលទើបចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីពួកគេជិះម៉ូតូ១គ្រឿងមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ដែលកំពុងជិះម៉ូតូ៣នាក់មកពីដើរលេងនៅកោះពេជ្រ ហើយក៏បានត្រឡប់ទៅផ្ទះ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវលេខ១៩៩ កែងផ្លូវលេខ៤៣០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ នី បញ្ញាវុធ ហៅវុធ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៨៩៧អឺសូន្យ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកនារីរងគ្រោះមានឈ្មោះ ថូ នួនល្អង ភេទស្រី អាយុ១៥ឆ្នាំ ស្នាក់នៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា រូបខ្លួន៣នាក់បងប្អូនទើបតែមកពីដើរលេងនៅកោះពេជ្រ ជិះម៉ូតូ១គ្រឿងម៉ាកហ្វីណូ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1V-5253 ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ តាមបណ្ដោយផ្លូវលេខ១៩៩ ខណៈមកដល់ចំណុចកែងផ្លូវលេខ៤៣០ ស្រាប់តែលិចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CT-9604 ក៏បានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក iPhone 6 ពីនារីរងគ្រោះដែលអង្គុយពីក្រោយភា្លមៗនោះក៏ត្រូវនារីរងគ្រោះចាប់ទាញមកវិញបណ្ដោយឱ្យដួលម៉ូតូ ភ្លាមៗនោះជនសង្ស័យទាំង២នាក់បានលើកម៉ូតូបម្រុងជិះរត់គេចខ្លួន តែត្រូវបងប្រុសរបស់នាងដែលជាអ្នកបើកម៉ូតូក៏បានចុះពីម៉ូតូទៅចាប់ទាញម៉ូតូជនសង្ស័យដួល ហើយក៏ប្រតាយប្រតប់គ្នាទៅវិញទៅមកហើយក៏បានចាប់ជនសង្ស័យបានម្នាក់ដែលជាអ្នកបើកម៉ូតូ ចំណែកជនសង្ស័យម្នាក់ទៀតដែលអង្គុយពីក្រោយជាអ្នកធ្វើសកម្មភាពឆក់បានរត់គេចខ្លួនបាត់សម្រោល ។
ក្រោយពេលកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕
...
ដោយ៖ ស រស្មី