ភ្នំពេញ៖ បុរសជាកម្មករលីសែង ម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលសង្កាត់ បឹងទំពន់ឃាត់ខ្លួនទៅអប់រំបន្ទាប់ពីរូប គេបានព្យាយាមទាក់ទងសុំស្នេហ៍ពីនាង ក្រមុំលក់ខោអាវម្នាក់តាមរយៈការផ្ញើសារតាមទូរស័ព្ទ និងតាមហ្វេសបុក ។
ការឃាត់ខ្លួនបុរសខាងលើនេះបានបង្ក ឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៥ នៅចំណុចផ្សារអូឡាំពិកជាន់ ទី២ប៉ែកខាងត្បូង ស្ថិតក្នុងសង្កាត់អូឡាំ ពិក ខណ្ឌចម្ការមន ។
តាមប្រភពពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា បុរសដែលត្រូវនគរបាល ឃាត់ខ្លួនឈ្មោះ ផាង សុខ អាយុ២៩ឆ្នាំ ជាកម្មករលីសែងអីវ៉ាន់ក្នុងផ្សារអូឡាំពិក ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន មានស្រុកកំណើតនៅភូមិ បាវិតលើ ឃុំបាវិត ស្រុកចន្ទ្រា ខេត្ដ ស្វាយរៀង ។ ចំណែកនាងក្រមុំដែលបុរស ខាងលើតាមសុំស្នេហ៍ឈ្មោះ ដារី អាយុ ២៤ឆ្នាំ មុខរបរលក់ដូសម្លៀកបំពាក់ ជាមួយម្ដាយនៅផ្សារអូឡាំពិក ស្នាក់នៅ ផ្ទះលេខ៨៤ ផ្លូវលេខ១២ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ពាក់ព័ន្ធនឹងករណីនេះឈ្មោះ ស្រេង ផលវីរៈ អាយុ២៧ឆ្នាំ មុខរបរលក់ សម្លៀកបំពាក់ក្នុងផ្សារអូរឡាំពិកនិង ត្រូវជាបងប្រុសជីដូនមួយរបស់នាងដារី បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានឱ្យ ដឹងថា មុនពេលកើតរឿងរ៉ាវនេះកើត ឡើងគឺឈ្មោះផាង សុខ បានតាមញ៉ែ រំខានប្អូនស្រីជីដូនមួយរបស់គេអស់រយៈពេលជាង១ឆ្នាំមកហើយដោយការឆាតតាមហ្វេសបុកនិងផ្ញើសារតាមទូរស័ព្ទ ក្នុងន័យប្រលោមសុំស្នេហ៍ប្អូនស្រីរបស់ខ្លួន ។ ប៉ុន្ដែពេលកន្លងមកនាងក៏បានឆ្លើយ តបត្រឡប់ទៅវិញដែរថា នាងមិន ស្រឡាញ់រូបគេទេនិងបានប្រាប់ទៀតថា ឈប់រំខាននាងទៀតតែជននោះនៅតែ មិនឈប់ ។ លុះក្រោយមកនាងក៏បាន ប្រាប់ក្រុមគ្រួសារពីដំណើររឿងទើប គ្រួសាររបស់នាងបានហៅជននោះមក ប្រាប់ដោយពាក្យសម្ដីរួចហើយដែរតែ គេនៅមិនព្រមឈប់សោះ ។
បុរសដដែលបានបន្ដថា លុះនៅព្រឹក ថ្ងៃកើតហេតុជនឈ្មោះផាង សុខ បាន មកអង្គុយមុខតូបលក់ដូររបស់នាងក្រមុំ ដែលជាប្អូនជីដូនមួយរបស់គេទៀតធ្វើឱ្យម្ដាយនាងខឹងហើយក៏ជេរបណ្ដេញ ចេញធ្វើឱ្យភ្ញាក់ផ្អើលដល់ក្រុមអាជីវករដ៏ទៃទៀតទាំងព្រឹកទើបរូបខ្លួនជាសាច់ ញាតិបានទៅមើលស្រាប់តែជនឈ្មោះ ផាង សុខ នោះបានស្រែកប្រាប់គេឯងថា ក្រុមគ្រួសាររបស់ខ្លួនបានព្រួតវាយរូប គេទៅវិញ ។
ដោយឡែកបុរសឈ្មោះ ផាង សុខ បានរៀបរាប់ថា នៅមុនពេលកើតហេតុ ខណៈខ្លួនកំពុងអង្គុយចាំម៉ូយអីវ៉ាន់ហៅឱ្យជួយលើ់កអីវ៉ាន់ស្រាប់តែស្ដ្រីឈ្មោះមឿន (ម្ដាយនាងដារី) បានជេរប្រមាថរូបគេ ដោយពាក្យសម្ដីអសុរសជាច្រើនដែល ធ្វើឱ្យរូបគេទ្រាំមិនបានក៏សួរថា“ហេតុអ្វីបានជាជេរខ្ញុំ?” ។ ពេលនោះស្ដ្រីវ័យ ចំណាស់បានបានមកចាប់រូបគេវាយ ហើយភ្លាមនោះឈ្មោះស្រេង សុផលវីរៈ ក៏បានមកវាយលើរូបគេថែមទៀតផង ទើបធ្វើឱ្យភ្ញាក់ផ្អើលដល់សន្ដិសុខផ្សារ មកជួយអន្ដរាគមន៍ឃាត់អ្នកទាំងនោះ។
ក្រោយពេលកើតមានជម្លោះរវាង ភាគីទាំង២ដោះស្រាយគ្នាមិនដាច់ស្រេច ក្រុមសន្ដិសុខផ្សារអូរឡាំពិកក៏បាននាំ ពួកគេទៅកាន់បុស្ដិ៍នគរបាលដើម្បីឱ្យ សមត្ថកិច្ចជំនាញជួយសម្របសម្រួល។ បន្ទាប់ពីទៅដល់បុស្ដិ៍នគរបាលភាគីទាំងសងខាងក៏មិនមានដាក់ពាក្យបណ្ដឹងទាមទារអ្វីទេគ្រាន់តែភាគីខាងស្រីបានស្នើសុំឱ្យនគរបាលជួយអប់រំនិងឱ្យជនឈ្មោះ ផាង សុខ ធ្វើកិច្ចសន្យាបញ្ឈប់ការតាម សុំស្នេហ៍កូនគាត់ពុំនោះទេនឹងចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ វិបុល