ខេត្ដកំពង់ស្ពឺ៖ កុមារាម្នាក់និងកុមារី ៣នាក់បានលង់ទឹកស្រះក្បែរភូមិស្លាប់ យ៉ាងអាណោចអាធ័មក្នុងពេលតែមួយ ខណៈដែលឪពុកម្ដាយពួកគេ(កុមាររង គ្រោះ)មិននៅផ្ទះដោយរវល់ចេញទៅ ច្រូតស្រូវ ។ ចំណែកកុមារីម្នាក់ទៀត ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅ សង្គ្រោះគ្រាដែលអ្នកភូមិស្រង់ពីស្រះនៅមានដង្ហើម ។
ករណីដ៏រន្ធត់សម្រាប់ក្រុមគ្រួសារនិងអ្នកភូមិនេះបានបង្កឱ្យភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៥ នៅស្រះទឹកក្បែរភូមិចំប៉ី ឃុំ ហោងសំំណំ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ។
នគរបាលស្រុកឱរ៉ាល់បានឱ្យដឹងថា ក្មេងៗដែលលង់ទឹកស្លាប់ខាងលើនេះទី១-ឈ្មោះ ឡុង ស្រីល័ក្ខ ភេទស្រី អាយុ៨ឆ្នាំ ទី២-ឈ្មោះ ភី ដានី ភេទស្រី អាយុ៦ឆ្នាំ ទី៣-ឈ្មោះ សែ នីណៃ ភេទស្រី អាយុ៥ ឆ្នាំ និងទី៤-ឈ្មោះ តូច វ័ន្ដ ភេទប្រុស អាយុ៤ឆ្នាំ ។ រីឯក្មេងស្រីដែលត្រូវបាន បញ្ជូនទៅសង្គ្រោះឈ្មោះ សែ សុខឃា អាយុ៨ឆ្នាំ ។ ក្មេងប្រុស-ស្រីរងគ្រោះទាំង ៥នាក់នេះរស់នៅភូមិ-ឃុំកើតហេតុ ខាងលើ ។
មន្ដ្រីនគរបាលជំនាញបានសន្និដ្ឋាន ថា ក្មេងប្រុស-ស្រីរងគ្រោះខាងលើនេះ ពិតជាលង់ទឹកស្លាប់ប្រាកដមែននៅពេល ដែលឪពុកម្ដាយពួកគេទៅច្រូតស្រូវទុកឱ្យកូនៗនៅចាំផ្ទះហើយពួកគេនាំគ្នាទៅ លេងទឹកដោយគ្មានអ្នកមើលថែទើប បណ្ដាលឱ្យលង់ទឹកស្លាប់បែបនេះ ។
នៅកន្លែងកើតហេតុគេបានសន្និដ្ឋាន ថា ប្រហែលជាមានក្មេងម្នាក់ក្នុងចំណោម ក្មេងរងគ្រោះបានចុះទៅមុជទឹកហើយក៏លង់ទឹក ។ ពេលនោះក្មេងរងគ្រោះឯ ទៀតដែលនៅលើគោកចុះទៅជួយក៏លង់ស្លាប់បន្ដបន្ទាប់គ្នាតែម្ដង ។
គួរបញ្ជាក់ថា ចំណុចដែលកុមារតូចៗ លង់ទឹកស្លាប់នេះអតីតជាដីស្រែហើយ ក្រោយមកម្ចាស់ដីបានជីកយកអាចម៍ដី លើកផ្ទះ ហើយទុកចំណុចកើតហេតុជា ស្រះសម្រាប់យកទឹកប្រើប្រាស់ រួមជា មួយនឹងអ្នកភូមិផង ៕
ដោយ៖ សេនាស័ក្ដិ