ខេត្តកំពង់ស្ពឺ៖ តាមការអោយដឹងពីមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥កម្លាំងកងរាជអាវុធហត្ថបានយកសត្វព្រៃ៣ប្រភេទមានចំនួន ៧១ក្បាលក្នុងនោះ សត្វសំពោច ៦៤ក្បាល អណ្តើក ០៣ក្បាល និងពស់ចាន់ល្មម ០៤ក្បាល ដែលបង្ក្រាបបានកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ទៅព្រលែងអោយចូលព្រៃធម្មជាតិវិញដោយមានការចូលរួមពីមន្ត្រីបរិស្ថានផងដែរ ។
លោកអនុសេនីយ៍ឯកទិត្យវណ្ណះប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តបានអោយដឹងថា សត្វព្រៃដែលយកមកព្រលែងនាពេលនេះគឺមន្ទាប់ពីកម្លាំងរបស់លោកបានធ្វើការបង្រ្កាបនាពេលកន្លងមកក្នុងនោះមាន សត្វសំពោច អណ្តើក និងពស់ផងដែរ ។
លោកទិត្យវណ្ណះបន្តថា ប្រតិបត្តិការនេះ គឺសមត្ថកិច្ចរបស់លោកសហការជាមួយកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ត្រីលោកជូ សារុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការស្ទាក់ឃាត់រថយន្តនេះធ្វើឡើងកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥នៅចន្លោះគីឡូម៉ែត្រលេខ៨២និង៨៣ ស្ថិតក្នុងភូមិដីអំបិល ឃុំត្រែងត្រយេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
មនុស្សដែលឃាត់ខ្លួនមនុស្សចំនួន២នាក់ ទី១. ឈ្មោះសួន ភារម្យ ភេទប្រុស រស់នៅភូមិដងពែង ឃុំដងទង់ ស្រុកស្មាច់មានជ័យ ខេត្តកោះកុង និងទី២. ឈ្មោះ ឈឺន សុភ័ក្ត្រ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិជីខ ឃុំជីខ ស្រុកស្រែអំបិល ខេត្តកោះកុង ។
ក្រោយឃាត់ខ្លួនជនទាំងពីរនាក់បានសារភាពនូវទង្វើរបស់ខ្លួនដែលប្រព្រឹត្តដោយពួកគេបានលើកឡើងថាសត្វទាំងនេះគឺពួកគេជាអ្នកទិញពីពលរដ្ឋយកមកចែកបងប្អូនធ្វើម្ហូប។ ដោយហេតុនេះហើយ ទើបលោកព្រះរាជអាជ្ញា បានអនុញ្ញាតឲ្យកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តធ្វើការអប់រំហើយអនុញាតិអោយជនទាំង២នាក់នេះធ្វើកិច្ចសន្យាឈប់ឲ្យប្រព្រឹត្តដូច្នេះទៀត បើថ្ងៃក្រោយមានទៀតនឹងចាត់វិធានការតាមផ្លូវច្បាប់ ៕
ដោយ៖ សេនាស័ក្តិ