ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករជិតពីរម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន២៣នៅក្នុងខេត្តកំពង់ស្ពឺ។ ជំនួបសំណេះសំណាលនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ ធ្វើឡើងនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ខាងក្រោមជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមបោះឆ្នោតកាលពីខែកក្កដា កន្លងទៅ។ សម្តេចបានបញ្ជាក់ថា ការចូលរួមបោះឆ្នោតនេះ គឺជាការចូលរួមអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងអនុវត្តន៍សិទ្ធិរបស់ខ្លួន តាមការកំណត់របស់រដ្ឋធម្មនុញ្ញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់កម្មករ កម្មការិនី និងប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាការបោះឆ្នោតការពារនូវសុខសន្តិភាព ព្រោះមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលមានសមត្ថភាពថែរក្សានូវសុខសន្តិភាពនេះ។ សុខសន្តិភាពនាំឲ្យមានស្ថេរភាពនយោបាយ និងការងារ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពនេះ គឺលំបាកណាស់ទម្រាំរកមកបាន ហើយត្រូវបានថែទាំយ៉ាងយកចិត្តទុកដាក់ដោយគណបក្សប្រជាជនកម្ពុជា។ សុខសន្តិភាពនេះ បាននាំមកនូវការអភិវឌ្ឍដូចពេលបច្ចុប្បន្ន ហើយក៏ជួយឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង រួមទាំងអ្នកដែលមិនគាំទ្ររាជរដ្ឋាភិបាលផងដែរ។

សម្តេចតេជោ បានរំលឹកថា សម្តេចធ្លាប់បានប្តូរផ្តាច់ និងតស៊ូមតិនៅក្នុងរដ្ឋសភា ក្នុងការអនុញ្ញាតឲ្យប្រជាពលរដ្ឋលក់ដីស្រែរបស់ខ្លួននៅតាមបណ្តោយផ្លូវជាតិលេខ៤។ បើតាមសម្តេចនៅពេលនោះមានតំណាងរាស្ត្រមួយចំនួន បានប្រឆាំងនូវគំនិតលក់ដីស្រែនៅតាមបណ្តោយផ្លូវជាតិលេខ៤នេះ។

សម្តេចតេជោ បានបញ្ជាក់ថា គំនិតរារាំងមិនឲ្យប្រជាពលរដ្ឋលក់ដីស្រែនៅតាមបណ្តោយផ្លូវជាតិលេខ៤ គឺជាការគិតខុសមួយ។ សម្តេចតេជោថា បើទុកដីឲ្យប្រជាពលរដ្ឋធ្វើស្រែ គឺទទួលបានផលតិចតួចប៉ុណ្ណោះ តែបើពួកគាត់លក់ដីបានថ្លៃហើយយកថវិកានោះទៅទិញដីកន្លែងផ្សេង ឬប្រកបរបរផ្សេងគឺបានចំណេញ។ មួយវិញទៀត នៅពេលរោងចក្រ សហគ្រាសត្រូវបានបង្កើតឡើងនៅតាមដីស្រែនោះ គឺបានផ្តល់ការងារយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវមោទនភាពចំពោះការដាក់ចេញនូវចក្ខុវិស័យសម្រាប់ការអភិវឌ្ឍនៅក្នុងខេត្តកំពង់ស្ពឺនេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ រាល់គោលនយោបាយអភិវឌ្ឍន៍របស់សម្តេច គឺកម្រខុសណាស់ បើខុស គឺខុសតិចតួចប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលបច្ចុប្បន្នចំណូលពីវិស័យឧស្សាហកម្មបានកើនដល់ ៣២ភាគរយ ចាក់ចូលទៅក្នុងចំណូលជាតិ។

សម្តេចតេជោ ហ៊ុន សែន បានច្រានចោលការបំភ្លៃព័ត៌មានមួយចំនួនលើបណ្តាញសង្គម Facebook ថា នឹងមានការដកតំណែងសម្តេច សាយ ឈុំ និងសម្តេចក្រឡាហោម ស ខេង។ សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងថា គណបក្សប្រជាជនស្រឡាញ់គ្នា និង រួមរស់ជាមួយគ្នាសុខណាស់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកពាក់ព័ន្ធលើហេតុការណ៍ផ្ទុះហិង្សានៅផ្លូវវេងស្រេង ត្រូវតែផ្តន្ទាទោសទៅតាមច្បាប់។ ព្រោះហេតុការណ៍នោះជាដើមហេតុនៃការឈាន ទៅផ្តួលរំលំរាជរដ្ឋាភិបាល និងរំលាយគណបក្សសង្គ្រោះជាតិ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លោក អាត់ ធន់, លោក ប៉ាវ ស៊ីណា និង ជា មុនី មិនជាប់ពាក់ព័ន្ធជាមួយហេតុការណ៍លើផ្លូវវេងស្រេងនោះទេ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យលោក អាត់ ធន់ លោក ប៉ាវ ស៊ីណា និងលោក ជា មុនី ឲ្យរកភស្តុតាងដើម្បីបញ្ជាក់ពីការមិនជាប់ពាក់ព័ន្ធក្នុងហេតុការណ៍លើផ្លូវវេងស្រេង។

សម្តេចនាយករដ្ឋមន្ត្រី ឲ្យអ្នកទាំង៣រូបនេះប្តឹងទាស់ទៅឧទ្ធរណ៍ ដើម្បីជំទាស់សាលាដីការបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចនៅថ្ងៃម្សិលមិញ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាអាចផលិតស៊ីម៉ង់ត៍បានប្រមាណ ៧លានតោន ជំនួសឲ្យការនាំចូល។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ផ្ទះសំណាក់ សណ្ឋាគារនៅក្នុងខេត្តព្រះសីហនុ ឬកែបជាដើម ព្យាយាមរក្សាតម្លៃឲ្យនៅដដែលនៅអំឡុងបុណ្យឆ្លងឆ្នាំ។ តែសម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា នៅពេលតម្រូវការខ្ពស់ជាងការផ្គត់ផ្គង់តម្លៃនឹងឡើង ហើយបើការផ្គត់ផ្គង់ខ្ពស់ជាងតម្រូវការនោះតម្លៃនឹងចុះថ្លៃ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ផ្ទះសំណាក់ សណ្ឋាគារនៅក្នុងខេត្តព្រះសីហនុ ឬកែបជាដើម ព្យាយាមរក្សាតម្លៃឲ្យនៅដដែលនៅអំឡុងបុណ្យឆ្លងឆ្នាំ។ តែសម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា នៅពេលតម្រូវការខ្ពស់ជាងការផ្គត់ផ្គង់តម្លៃនឹងឡើង ហើយបើការផ្គត់ផ្គង់ខ្ពស់ជាងតម្រូវការនោះតម្លៃនឹងចុះថ្លៃ។

សម្តេចតេជោ ហ៊ុន សែន បានលើកជាឧទាហរណ៍នៅទីក្រុងញូវយ៉ក រាល់ពេលមានមហាសន្និបាតនៅអង្គការសហប្រជាជាតិសណ្ឋាគារនៅញូវយ៉កឡើងថ្លៃ ១០០ភាគរយ ឬអាចដល់ ២០០ភាគរយផង។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅពេលសម្តេចចេញទៅតស៊ូនៅប្រទេសវៀតណាមកាលពីឆ្នាំ១៩៧៧ នៅពេលលើកស្លាបព្រាដួសបាយមកហូបទឹកភ្នែកបានហូរចុះ ដោយសារនឹកដល់ភរិយា និងកូនក្នុងផ្ទៃ ជាពិសេសប្រជាពលរដ្ឋខ្មែរដែលកំពុងអត់ឃ្លាន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តអំពាវនាវឲ្យកសាងសហគមន៍រោងចក្រសុខសាន្ត ដោយមិនត្រូវឲ្យមានបងតូចបងធំ មិនត្រូវមានការសេពគ្រឿងញៀន និងកន្លែងចម្លងមេរោគអេដស៍ជាដើម។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ថៅកែរោងចក្រ និងកម្មករ ត្រូវជជែកគ្នាដោយការយោគយល់ ដើម្បីដោះស្រាយបញ្ហានានា។

ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យរួមគ្នាធ្វើចលនាជាតិមួយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកស្រឡាញ់ភេទគ្នាមានអត្រារីករាលដាលការឆ្លងជំងឺអេដស៍ខ្ពស់ជាងគេ។ សម្តេចតេជោ បានអំពាវនាវដល់ពួកគេឲ្យចេះការពារខ្លួនកុំឲ្យឆ្លងជំងឺអេដស៍។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីបក្សនយោបាយ ដោយឲ្យនាយករដ្ឋមន្ត្រីស្នើសុំព្រះមហាក្សត្រលុបចោលបំរាមការធ្វើសកម្មភាពអ្នកនយោបាយ គឺធ្វើឡើងសម្រាប់បក្សនយោបាយទាំងអស់ មិនមែនសម្រាប់បក្សនយោបាយ ឬក្រុមណាមួយនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្រោយច្បាប់ចូលជាធរមាន សម្តេចត្រៀមទទួលរាល់សំណើរបស់អ្នកនយោបាយ ដែលស្នើសុំឲ្យមានការលើកលែងបំរាមដើម្បីធ្វើនយោបាយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print