ភ្នំពេញ ៖ តារាចម្រៀង និងជាម្ចាស់ពានទី១Cambodian Idol លោកនីរតនា នឹងចូលរោងការជាមួយកូនស្រីអ្នកជំនួញទ្រព្យស្តុកស្រស់សោភា ក្នុងអំឡុងពាក់កណ្តាលខែមករាឆ្នាំ២០១៩ខាងមុខនេះ។ ពិធីមង្គលការនេះត្រូវបានគេទម្លាយថានឹងរៀបចំយ៉ាងធំដុំមួយដែលមានភ្ញៀវចូលរួមមិនក្រោម១ពាន់នាក់នោះទេ។
នី រតនា បានចាប់ផ្តើមបញ្ចេញរូបថត Pre-wedding ហើយ បន្ទាប់ពីភ្ជាប់ពាក្យនឹងកញ្ញាហេងសុវណ្ណភក្តិណា កាលពីចុងខែមេសាឆ្នាំ២០១៨នេះ។ រូបថតផ្អែមល្ហែមកៀកកើយបានធ្វើឲ្យអ្នកគាំត្រជាច្រើនពេញចិត្ត និងជូនពរពួកគេឲ្យមានសុភមង្គលក្រោយពេលរៀបការ។
អ្នកជិតដិតតារាចម្រៀងរូបនេះបញ្ជាក់ថា ពេលនេះ នី រតនា និងអនាគតភរិយាបានត្រៀមរួចរាល់ហើយសម្រាប់ពិធីជ័យមង្គលរបស់ពួកគេនៅថ្ងៃទី១៨ខែមករាឆ្នាំ២០១៩ខាងមុខនេះ។ មានការបញ្ជាក់ដែរថា ទាំងសម្អាងការ ការតុបតែងរោងពិធី ហាងរៀបចំទទួលភ្ញៀវ ត្រូវបានកក់រួចសប់គ្រប់ហើយដែរ។ ប្រភពបញ្ជាក់ថា កម្មវិធីមង្គលការរបស់ពួកគេនឹងរៀបចំយ៉ាងហ៊ឹកហ៊ាក់បើធៀបនឹងសិល្បករដទៃ ដោយក្នុងនោះមិនត្រឹមតែមានវត្តមានតារាចម្រៀងរួមដំបូល និងក្នុងចង្កោមសិល្បៈល្បីឈ្មោះប៉ុណ្ណោះទេ គឺក៏នឹងមានវត្តមានមន្ត្រីមានមុខមាត់ អ្នកជំនួញធំៗនៅកម្ពុជាចូលរួមដែលសរុបមិនក្រោម១ពាន់នាក់នោះទេ។
គួរបញ្ជាក់ផងដែរថា ចំណងស្នេហ៍វ័យជាង៣ឆ្នាំរបស់តារាចម្រៀង នី រតនា និងកញ្ញាហេងសុវណ្ណភក្តិណា បាន ឈានដល់ការភ្ជាប់ពាក្យទទួលស្គាល់ពីឪពុកម្តាយទាំងសងខាងកាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០១៨ នៅគេហដ្ឋានខាងស្រីនាបុរី ប៉េង ហួត ស្ទឹងមានជ័យ។ ក្រោយភ្ជាប់ពាក្យពួកគេបានសាងភាពផ្អែមល្ហែម និងពង្រីកផ្សព្វផ្សាយលើមុខជំនួញរួមគ្នាផ្នែកលក់គ្រឿងសម្អាង។ នី រតនា ដែលមានឈ្មោះដើម នី ម៉ាប់ ធ្លាប់បញ្ជាក់ថាលោកនឹងនៅតែបន្តការងារសិល្បៈដដែលបើទោះបីជារៀបការរួចនិងមានមុខជំនួញរួមជាមួយអនាគតភរិយាក្តី៕ ដោយ វឌ្ឍនា