ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនសកម្ម២នាក់ ធ្វើការសកម្មទិញថ្នាំញៀនពីក្រុងតាខ្មៅ មកលក់នៅស្រុកកោះធំ ចុងក្រោយគេចមិនផុត ត្រូវនគរបាលក្របួចជាប់ ។ ករណីចាប់ខ្លួនខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១៤និង៤០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកំពង់សំបួរ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានគ្នា២នាក់ ទី១-ឈ្មោះ សេង រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះ ខត សឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ជនសង្ស័យទាំង២នាក់មានទីលំនៅភូមិព្រែកតាឡាច ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៥កញ្ចប់ធំ ,ម៉ូតូ១គ្រឿង ,ទូរសព្ទ័ដៃចំនួន៤គ្រឿង និងកាបូបដៃតូចចំនួន១ ។
ប្រភពដដែលបន្ដថា ជនសង្ស័យទាំង២នាក់គឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម ដែលកម្លាំងនគរបាលបានកំណត់និងតាមដានជាយូរមកហើយ ។ រហូតមកដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាលបានផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានទទួលព័ត៌មានថា ជនសង្ស័យទាំង២នាក់កំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន ភ្លាមនោះក៏សហការជាមួយកម្លាំងនគរបាលផ្នែកយុត្តិធម៌ ,កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលជ្រោយតាកែវ និងកម្លាងនគរបាលប៉ុស្តិ៍ព្រែកថ្មី ចុះធ្វើការពួនស្ទាក់ចាប់ខ្លួនជនសង្ស័យទាំង២នាក់កំពុងជិះម៉ូតូតាមដងផ្លូវ ត្រង់ចំណុចភូមិកំពង់សំបួរ ឃុំព្រែកថ្មី ស្រុកកោះធំ និងធ្វើការត្រួតពិនិត្យឆែកឆេរបានរកឃើញថ្នាំញៀនចំនួន៥កញ្ចប់ រួចនាំខ្លួនជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងផ្សេងទៀត យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ខាងលើបានសារភាពថា៖ ថ្នាំញៀនចំនួន៥កញ្ចប់ធំនេះ គឺខ្លួនបាននាំគ្នាទៅទិញពីជនម្នាក់មិនអត្ដសញ្ញាណ ណាត់ជួបគ្នានៅចំណុចគល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅ ដោយ ទិញក្នុងតម្លៃ១២០០,០០០រៀល ដើម្បីយកមកលក់បន្ដនៅស្រុកកោះធំ ៕ ស្អាងជ័យ
...