ខេត្តកណ្ដាលៈ មនុស្សម្នាក់ទទួលរងរបួសធ្ងន់ និង២នាក់ទៀតរងរបួសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូស្កុបពីបុកបើកដោយល្បឿនលឿន ជ្រុលទៅបុកម៉ូតូហុងដាគុបជ្រុងពីក្រោយពេញមួយទំហឹង កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ម៉ូតូបង្កម៉ាកហុងដាស្កុបពី ពណ៌ក្រហម+ស ពាក់ស្លាកលេខ ភ្នំពេញ 1AB -2993 បើកបរដោយឈ្មោះ មីត ការីន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនេសាទ មានទីលំនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ (រងរបួសស្រាល) មានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ សេន ការី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនេសាទ មានទីលំនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ (រងរបួសស្រាល) ។
ចំណែកជនរងគ្រោះរងគ្រោះរបួសធ្ងន់ឈ្មោះ ស្រ៊ាវ ឡង់ឌី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិភូមិព្រែកថ្មី ឃុំព្រែកស្ដី ស្រុកកោះធំ បើកបរម៉ូតូម៉ាកហុងដាគុបជ្រុង ធុនសេ៩០ ពណ៌ខៀវចាស់ ពាក់ស្លាកលេខ តាកែវ 1F-3532 ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូហុងដាគុបជ្រុលបើកបរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូម៉ាកស្កុបពីមួយគ្រឿង បើកដោយល្បឿនលឿនមិនប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូហុងដាគុបជ្រុងពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យម៉ូតូទាំងគ្រឿងដួលលើផ្លូវ បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូហុងដាគុបជ្រុងទទួលរងរបួសធ្ងន់បាក់ជើង រីឯអ្នកបើកបរម៉ូតូស្កុបពីរនិងអ្នករួមដំណើររងរបួសស្រាល ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ចំណែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានកម្លាំងជំនាញចរាចរណ៍ស្រុកចុះធ្វើការវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការពីនិត្យ និងវាស់វែងរួច កម្លាំងជំនាញចរាចរណ៍បានឲ្យដឹងថា ករណីនេះគឺបណ្ដាលមកពីអ្នកបើកបរម៉ូតូស្កុបពី បើកដោយល្បឿនលឿន មិនប្រយ័ត្ន មើលមុខមើលក្រោយ ធ្វេសប្រហែសក្នុងការបើកបរ ទើបបានជាបុកម៉ូតូហុងដាគុបជ្រុងដែលបើកនៅខាងមុខ បណ្ដាលឲ្យរងរបួសយ៉ាងដូច្នេះ ៕
...