លោកអាន់ អាត គាបសង្កត់ប្រជាជនធើ្វប័ណ្ណព្រំដែនខុសពីគោលការណ៍ក្រសួងមហាផ្ទៃ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ប្រធានការិយាល័យច្រកចេញ ចូលតែមួយនៃសាលាខេត្តឧត្តរមានជ័យ លោកអាន់ អាត រងនូវការរិះគន់ពីប្រជាជនយ៉ាងធ្ងន់ធ្ងរ ខណៈបែបបទនៃការផ្តល់សេវាកម្ម នៃលិខិតប័ណ្ណព្រំដែន (Border Pass) មានករណីយឺតយូរ កោះរុស និងយកតម្លៃលើសពីគោលការណ៍របស់ក្រសួងមហាផ្ទៃ ខណៈកិច្ចការងារនេះ ត្រូវបានស្ថិតក្រោមការគ្រប់គ្រងរបស់សាលាខេត្តនោះ ។

ប្រជាជនបាននិយាយថា បើតាមពួកគាត់ដឹង ប័ណ្ណព្រំដែន (border pass) ក្រសួងកំណត់យកតម្លៃត្រឹមតែ២ម៉ឺនរៀល ប៉ុន្តែជាធម្មតា និងទម្លាប់ការិយាល័យច្រកចេញចូលតែមួយនៃសាលាខេត្តឧត្តរមានជ័យ គ្រប់គ្រងដោយលោក អាន់ អាត តម្រូវឲ្យបង់ប្រាក់ចំនួន២ម៉ឺន៥ពាន់រៀល លើសការកំណត់ ។ មិនតែប៉ុណ្ណោះ បង្កលក្ខណៈលំបាក បង្កើតឲ្យមានអំពើពុករលួយយឺតយូរ រហូតដល់ប្រជាជនមួយចំនួន ដែលប្រញាប់​និងចាំបាច់ប្រើប្រាស់លិខិតខាងលើនេះ ត្រូវបង្ខំចិត្តចំណាយលើសការកំណត់របស់ក្រសួងមហាផ្ទៃ ក្នុងនោះ លោក អាន់ អាត បើកភ្លើងខៀវឲ្យមន្ត្រីរបស់ខ្លួនយកលុយពីការធ្វើប័ណ្ណព្រំដែននេះ ក្នុងតម្លៃ១០ម៉ឺនរៀល ១២ម៉ឺនរៀល និងរហូតដល់១៥ម៉ឺនរៀល លើសសៀវភៅបន្ទុក ការកំណត់របស់ក្រសួងមហាផ្ទៃ​ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ពាក់ព័ន្ធនឹងករណីប្រជាជនលើកឡើងខាងលើនេះ លោក អាន់ អាត ប្រធានការិយាល័យច្រកចេញ ចូលតែមួយ សាលាខេត្តឧត្តរមានជ័យ មិនបានធ្វើអត្ថាធិប្បាយនោះទេ ជាមួយអង្គភាពនគរដ្រេហ្គន លោកគ្រាន់តែបញ្ជាក់ថា ដូចជាមិនមានទេ ចាំខ្ញុំស៊ើបមើលសិន ឬក៏ករណីនេះ បង្កឡើងដោយក្រុមអ្នករត់ការក៏ថាបាន ។

ទោះបីជាប្រធានច្រកចេញចូលតែមួយ លោកអាន់ អាត លើកឡើងបែបនេះក៏ដោយ ក៏លោកប៉ែន កុសល អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដែលទើបចូលកាន់តំណែងចំនួន២០ថ្ងៃនេះ បានប្រាប់អង្គភាពនគរដ្រេហ្គន  តាមស័ព្ទកាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨យ៉ាងដូច្នេះថា ខ្ញុំបានដឹងរឿងនេះ​ដែរ តាមពិតក្រសួងកំណត់ឲ្យយកត្រឹមតែ២ម៉ឺនរៀលប៉ុណ្ណោះ ដូច្នេះបន្ទាប់ពីលិចឮ ការធ្វើ Border Pass លើកកំណត់ ខ្ញុំក៏បានរៀបចំកិច្ចប្រជុំមួយជាប្រញាប់នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ ជាមួយនឹងថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីពាក់ព័ន្ធ ហាមដាច់ខាត មិនឲ្យយកតម្លៃលើសពីគោលការណ៍ និងមានភារកិច្ច ផ្តល់សេវាកម្មឲ្យពួកគាត់ បានទាន់ពេលវេលា ។ លោកអភិបាលបន្តថា ខ្ញុំហាមដាច់ខាត រឿងចេញប័ណ្ណព្រំដែន គ្មានមន្ត្រីណាមួយ ហ៊ានធ្វើបំពាន ដាច់ខាត ហើយកិច្ចការនេះ ខ្ញុំចាំបាច់ត្រូវតែកោះហៅប្រជុំជាបន្ទាន់ ។

លោក ប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យបានលើកឡើងថា មិនត្រឹមតែករណីការបំពេញបែបបទ សេវាកម្មលើ​ប័ណ្ណព្រំដែនប៉ុណ្ណោះទេដែលខ្ញុំបានគិតគូរ ធ្វើឲ្យមានតម្លាភាព ផ្តល់សេវាកម្មទាន់ពេលវេលាជូនប្រជាជន ក្នុងនោះនៅមានកិច្ចការជាច្រើនទៀតដែលខ្ញុំទទួលបន្ទុក រហូតដល់ក្នុងរយៈពេល២០ថ្ងៃដែលខ្ញុំមកកាន់តំណែង ខ្ញុំដោះស្រាយការងារជាច្រើន ក្នុងនោះមានកិច្ចប្រជុំចំនួន១០ដង ហើយខ្ញុំក៏ត្រូវការទទួលព័ត៌មានពីប្រជាពលរដ្ឋ ស្ថាប័នផ្សព្វផ្សាយ ដើម្បីមានឱកាសកែលម្អ កំណែទម្រង់ភាពមិនប្រក្រតីនេះ ៕

...

ដោយ៖ ប៉ែន នួន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print