ខេត្តកំពង់ចាម ៖ កម្លាំងចម្រុះនៃខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅត្រង់ចំណុចមាត់បឹងច្រកែងគួយ ស្ថិតក្នុងភូមិព្រែកក្របៅនិងចំណុចគោដេកស្ថិតក្នុងភូមិពាមក្នុង ឃុំព្រែកក្របៅស្រុកកងមាស ខេត្តកំពង់ចាម ។ ចំពោះវត្ថុតាងដែលដកហូតបានត្រូវបានក្រុមការងារកាប់បំផ្លាញ និង ដុតចោលនៅហ្នឹងកន្លែងតែម្តង ។
សមត្ថកិច្ចចម្រុះដែលចុះបង្ក្រាបបទល្មើសនេសាទខាងលើរួមមាន កម្លាំងអធិការនគរបាលស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលព្រែកក្របៅនិងបានសហការជាមួយកម្លាំងកងអាវុធហត្ថស្រុក និងមន្រ្តី ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដឹកនាំដោយ លោក ភោគ សាវុធ អភិបាលរងស្រុកកងមាស បើកកិច្ចប្រតិបត្តិការ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចមាត់បឹងច្រកែងគួយ ស្ថិតក្នុងភូមិព្រែកក្របៅនិងចំណុចគោដេកស្ថិតក្នុងភូមិពាមក្នុង ឃុំព្រែកក្របៅស្រុកកងមាស ខេត្តកំពង់ចាម។
សមត្ថកិច្ចបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះធ្វើឡើងដោយបានការអនុញ្ញាតពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ហើយបានចាប់ផ្តើមពីម៉ោង ៨:០០ រហូតដល់ម៉ោង ១៣:០០នាទី នាថ្ងៃដដែល ។ ក្នុងនោះឧបករណ៍ដែលកម្លាំងចម្រុះដកហូតបានរួមមាន ៖
១- របាំងផ្ជិតព្រែកចំនួន០៣កន្លែង ,២- លបរ៉ាវ ចំនួន៦មាត់ ,៣-បង្គោលចម្រឹង ចំនួន ៧២ដើម,៤-ចាក់លែងកូនត្រីចម្រុះចូលបឹង,ធម្មជាតិវិញចំនួន១០គីឡូក្រាម ។
៥-ដាយទំហំ២០ម៉ែត្រគុណ២,៥ម៉ែត្រគុណ៤០ម៉ែ្រ ចំនួន០១មាត់,៦-ដាយទំហំ៤ម៉ែត្រគុណ២ម៉ែត្រគុណ១៥ម៉ែ្រចំនួន០១មាត់។
ចំពោះវត្ថុតាងដកហូតបានខាងលើត្រូវបានក្រុមការងារ កាប់បំផ្លាញ និង ដុតចោលនៅហ្នឹងកន្លែងតែម្តង ៕ វណ្ណៈ