លិខិតបង្គាប់ការចេញដោយក្រសួងធម្មការនិងសាសនា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ បានបង្គាប់ឲ្យប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តពោធិ៍ព្រឹក្ស ហៅវត្តខ្ទរ ជ្រួលច្របល់សាជាថ្មី ពីព្រោះតែលិខិតនោះបញ្ជាក់ថា “ត្រូវបានបង្កើតក្រុមការងារ ចម្រុះត្រួតពិនិត្យ សម្របសម្រួល ការរំកិលឈាបនដ្ឋានចាស់ ចេញនៃវត្តពោធិ៍ព្រឹក្ស និងសាងសង់ឈានបដ្ឋានថ្មី ស្ថិតនៅស្ពានទី៥ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ” ។ តាមលិខិតបង្គាប់ការនេះមានន័យថា ឈាបនដ្ឋានសព្វថ្ងៃដែល កំពុងដំណើរការបូជាសពជាធម្មតានោះនឹងត្រូវ “រំកិល” ទៅទីតាំងថ្មីនៅស្ពានលេខ៥។
ប្រជាពលរដ្ឋមានចម្ងល់ចំពោះលិខិតក្រសួងធម្មការ និងសាសនា ដែលថា “រំកិល” ប៉ុន្តែបែរជាមានការ “សាងសង់ឈាបនដ្ឋានថ្មី” នៅស្ពានលេខ៥នោះទៅវិញ ។ ដូច្នេះ ពាក្យ “រំកិល” មានន័យថា វ៉ែកម្ទេចចោល ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ ពុទ្ធបរិ ស័ទចំណុះជើងវត្តពោធិ៍ព្រឹក្ស ហៅ វត្តខ្ទរ បានមូលមតិគ្នាដូចពីដើមមកថា នឹងមិនព្រម ឲ្យឈាបនដ្ឋាននេះ ត្រូវបាន “រំកិល” ទៅនៅស្ពានលេខ៥នោះទេ ។
ប្រជាពលរដ្ឋនៅតែមានចម្ងល់ថាតើហេតុអ្វីបានជាថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា នៅតែ “ចិញ្ចឹមចិត្ត” កម្ទេចឈាបនដ្ឋានវត្តខ្ទរនេះ? វាព្រោះតែធ្វើឲ្យប៉ះពាល់មុខមាត់រាជរដ្ឋា ភិបាលឬយ៉ាងណា? ឬមួយថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ចង់លេបដីកន្លែង ដុតខ្មោចនេះ ? ឬមួយបានលិឍពីក្រុមហ៊ុនឯកជនក្បែរនោះ?
បើតាមប្រជាពលរដ្ឋខ្សឹបខ្សៀវថា ប្រសិនបើមានការ “រំកិល” ឡដុតខ្មោចពីទីតាំង ចាស់ទៅទីតាំងថ្មីពិតមែននោះ នឹងមានការធ្វើបាតុកម្មបិទផ្លូវជាតិលេខ៦ទៀតមិន ខានឡើយ ។
រឿងនេះមិនមែនត្រឹមតែប្រជាពលរដ្ឋបួនដប់គ្រួសារទេ គឺប្រជាពលរដ្ឋ ជាង១០០០នាក់ ដែលប្រឆាំងចំពោះផែនការ “រំកិល” ឡដុតខ្មោចនេះ ។ ប្រការនេះ អាជ្ញាធរ ជាពិសេសក្រសួងធម្មការ និងសាសនា ល្មមបញ្ឈប់មហិច្ឆិតា”ចិញ្ចឹមចិត្ត” រំលោភ ឬ”រំកិល” ឡដុតខ្មោចនេះទៀតទៅ ។ ព្រលឹងខ្មោចមិនតិចទេ ដែលនៅជាមួយ ឡមួយនេះ ។ បើទោះជា “រំកិល” បានជោគជ័យ ក៏រកស៊ីមិនចម្រុងចម្រើននោះដែរ។ ដូច្នេះក្រុមហ៊ុនណាមួយដែលប្រាថ្នាចង់បានដីឡដុតខ្មោចនោះគួរខ្លាចអំពើបាបខ្លះផង ៕