ខេត្តស្ទឹងត្រែង៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលខេត្តចុះឃាត់ខ្លួន ពេលជនសង្ស័យកំពុងចែកចាយ និងប្រើប្រាស់ថ្នាំញៀនកាលពីវេលាម៉ោង១១និង០៥នាទីព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅចំណុចភូមិរិទ្ធិសែនជ័យ សង្កាត់ សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើទីមានឈ្មោះ លុន ពុទ្ធី ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងក្រឡឹងឈើ រស់នៅភូមិរិទ្ធិសែនជ័យ សង្កាត់សាមគ្គីក្រុង ស្ទឹងត្រែង ទី២ឈ្មោះ សាលី ស៊ីហ្វង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិ ស្រែរមាំង ឃុំស្រែសំបូរ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ។
លោក បន្តថា វត្ថុតាងដែលសមត្ថកិច្ចចុះបង្ក្រាបបានជាមួយជនសង្ស័យខាងលើនោះមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ (WY )ចំនួន៥៣គ្រាប់រួមនិងវត្ថុតាងសំរាប់ប្រព្រឹត្តបទល្មើសមួយចំនួនទៀត ។
សមត្ថកិច្ចនគរបាលបន្តទៀតថាមុនឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យពីរនាក់ខាងលើ សមត្ថកិច្ចបានប្រើវិធានញុះញង់ និងតាមដានជាប់ទើបបង្ក្រាបបាន ហើយការឃាត់ខ្លួននេះក៏មានការចូលរួមពីលោកស្រី ស៊ុន យឺត ព្រះរាជអាជា្ញរងសាលាដំបូងខេត្តផងដែរ ។
បច្ចប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលខេត្ត កំពុងឃាត់ខ្លួនរៀបចំសំណុំរឿងនិងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ នាល្ងាចថ្ងៃទី៣ខែធ្នូឆ្នាំ២០១៥នេះ ៕
ដោយ៖ សាវុទ្ធ