ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាលត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់ពីពួកគេបាន ជិះម៉ូតូក្នុងល្បឿនលឿនឡើងលើពំនូកខ្សាច់ ហើយបុកជញ្ជាំងផ្ទះថ្មរបស់ប្រជាពលរដ្ឋដោយសារតែភ័យខ្លាចក្នុងការដេញវាយពីសំណាក់ក្មេងបាតសង្គមមានគ្នាមួយក្រុមដេញវាយពីក្រោយ ហើយត្រូវបានគេសង្ស័យថាទំនងជាករណីដេញប្លន់យកម៉ូតូ ក៏ប៉ុន្តែសមត្ថកិច្ចថាជាករណី គ្រោះថ្នាក់ចរាចរណ៍ទៅវិញ ។
ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង១ និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ ក្បែរនឹងសាលាខណ្ឌឬស្សីកែវ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។
ប្រភពព័ត៌មានពីអ្នកនៅជិតកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គឺមានអ្នកធ្វើដំណើរតាមដងផ្លូវបានឃើញជនរងគ្រោះទាំងពីរនាក់ដេកដួលធ្ងន់ម្នាក់និងស្រាលម្នាក់ប៉ុន្តែក្នុងចំណោមគេទាំង២នាក់ គឺមានម្នាក់ មួយសន្ទុះក្រោយមកកម្លាំងសមត្ថកិច្ច និងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែតបានមកដំណាលគ្នា ប៉ុន្តែគឺយកតែជនរងគ្រោះដែលរបួសស្រាលប៉ុណ្ណោះ ចំណែកឯជនរងគ្រោះដែលរបួសធ្ងន់បែកផុងលលាក្បាលត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយរថយន្តសង្គ្រោះក៏មិនបានដឹកយកអ្នកដែលរងរបួសធ្ងន់ដើម្បីសង្គ្រោះផងដែរទេ ដោយលើកយកតែរបួសណាដែលស្រាលៗតែប៉ុណ្ណោះ ឯរបួសណាដែលធ្ងន់គឺទុកអោយគ្នាស្លាប់យ៉ាងព្រៃផ្សៃបំផុត ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ត្រូវបានមជ្ឈដ្ឋានខាងក្រៅនាំគ្នាដាក់ការ សង្ស័យថាជាករណីដេញវាយប្លន់យកម៉ូតូរបស់ជនរងគ្រោះ ហើយដោយសារតែជនរងគ្រោះភ័យស្លន់ស្លោរពេកក៏ជិះម៉ូតូលឿនមិនបានមើលមុខ ក៏ឡើងលើពំនូកខ្សាច់រួចបុកជញ្ជាំងផ្ទះថ្មគេតែម្តងទៅ ប៉ុន្តែសមត្ថកិច្ចបានប្រាប់ថាជាករណីផឹកស៊ីស្រវឹងបង្កជាគ្រោះថ្នាក់ចរាចរណ៍ទៅវិញ ។
បច្ចុប្បន្នជនរងគ្រោះទាំង2នាក់ស្ថិតក្នុងការជួយសង្គ្រោះបន្ទាន់ពីសំណាក់ក្រុមគ្រួសារនៅឡើយ ៕
...
ដោយ៖ ព្រែកជ័យ