ខេត្តរតនគិរី៖ បុរសជាប្តីដៃដល់ម្នាក់បានកាប់ប្រពន្ទមួយកាំបិតចំក ស្លាប់ត្រដរខ្យល់ភ្លាមៗ ។ ហេតុការណ៍ដ៏ឃោឃៅនេះបានកើតឡើង នៅម៉ោងវេលាម៉ោង៤ និង១០នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥នេះ នៅចំណុចខ្ទមចំការជនរងគ្រោះ ស្ថិតនៅភូមិជ្រុង ឃុំកិៈចុង ស្រុកបរកែវ ខេត្តរតនគិរី ។
ជនរងគ្រោះជាប្រពន្ឋឈ្មោះ ចំ ញ៉ាត អាយុ៤៨ ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចំការ ចំណែកជនដៃដល់ជាប្ដីឈ្មោះ ទីង ហួន អាយុ៦០ឆ្នាំ ជនជាតិ ទំពួន មុខរបរធ្វើចំការ អ្នកទាំងពីរ មានទីលំនៅ ភូមិ-ឃុំ កើតហេតុខាងលើ។
បើតាមការបញ្ជក់ពីលោក ម៉ៅសាន់ អធិការនគរបាលស្រុកបកែវបានឲ្យដឹងថា មុនពេលកើតហេតុបុរសជាប្ដីផឹកស្រាស្រវឹងមកពីខាងក្រៅ ហើយពេលមកដល់ខ្ទមចំការ ក៏ទាស់ពាក្យសំដីគ្នាកើតហិង្សាបានទាញកាំបិតផ្គាក់កាប់ទៅលើប្រពន្ធចំក ផ្នែកខាងឆ្វេងមួយកាំបិតជិតដាច់ក និងចំក្រោមត្រចៀកខាងស្តាំមួយកាំបិតបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ។ ក្រោយពីបានធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួន និងយកកាំបិតដែលជាវត្ថុតាងទៅជាមួយផងដែរ ។
បច្ចុប្បន្នកម្លាំងជំនាញសហការណ៍ជាមួយកម្លាំងអធិការស្រុកបរកែវ រួមទាំងកម្លាំងប៉ុស្ដិ៍ បាននឹងកំពុងធ្វើការស្រាវជ្រាវ និងតាមចាប់ជនដៃដល់ដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ។
សូមបញ្ជក់ថា ជាប្តីក្រោយបានយកគ្នា៣-៤ឆ្នាំមកហើយគ្មានកូនទេ ដោយឡែកស្ត្រីរងគ្រោះមានកូន៥នាក់ជាមួយប្តីមុនឃាតក ជនដៃដល់មានប្រពន្ធម្តងរួចមកហើយដែរមានកូន២នាក់ ចំណែកកូនមិនមករស់នៅជាមួយគាត់នោះទេ ៕
ដោយ៖ សាវុទ្ធ