ភ្នំពេញ ៖ គិតត្រឹមរសៀលថ្ងៃទី១៩ ខែធ្នូ នេះ តុលាការរាជធានីភ្នំពេញ នៅពុំទាន់ចេញដីកាកោះអញ្ជើញលោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ឱ្យចូលបំភ្លឺក្នុងនាមដេីមបណ្តឹងរដ្ឋប្បវេណីទេ ។ នេះបេីតាមការបញ្ជាក់របស់មន្ត្រីតុលាការ ។
លោក វឌ្ឍនាសាប៊ុង បានដាក់បណ្តឹងទៅតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ប្តឹងឧកញ៉ា ឌួង ឧត្តមឆវិន ហៅឌួង ឆាយ ចំនួន៤បទល្មើស ។
ក្នុងនាមសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ លោក វឌ្ឍនាសាប៊ុង ស្នើព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនឧកញ៉ា ឌួង ឆាយ ដែលធ្លាប់មានប្រវត្តិកាចសាហាវ ដេីម្បីធានាដល់សន្តិសុខសុវត្ថិភាព ដល់ដេីមបណ្តឹង ។
ដេីមបណ្តឹងស្នើផ្តន្ទាទោសឧកញ៉ា ឌួង ឆាយ តាមច្បាប់ និង ទាមទារសំណងជំងឺចិត្តចំនួន៥០០០លានរៀល ដោយថវិកាទាំងនោះ លោក វឌ្ឍនាសាប៊ុង នឹងប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធជាតិ ។
លោកវឌ្ឍនាសាប៊ុង ប្តឹងឧកញ៉ាឌួង ឆាយ ចំនួន៤បទល្មើស ប្រមាថអ្នករាជការសាធារណៈ បរិហារបង្កាច់កេរ្តិ៍ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង ញុះញង់ឱ្យមានការរេីសអេីង តាមក្រមព្រហ្មទណ្ឌ ។
បញ្ហានេះ ឧកញ៉ា ឌួង ឆាយ ឆ្លេីយតបវិញថា លោកនឹងប្តឹងបកវិញ ឱ្យលោកវឌ្ឍនាសាប៊ុង ភ្លឺភ្នែកម្តង ។
ការប្តឹងផ្ដល់នេះ គឺ កើតឡើងដោយសារការឆ្លងឆ្លើយគ្នាតាមបណ្ដាញសង្គមហ្វេសប៊ុក របៀបឌឺដងគ្នាទៅវិញទៅមក រឿងក្លឹបកម្សាន្តគេចវេសបង់ពន្ធជូនរដ្ឋ ៕ ចេស្តា