ខេត្តឧត្តរមានជ័យ ៖ រឿងរ៉ាវជាច្រើនត្រូវបានមន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យរិះគន់ដោយមិនសំចៃមាត់ទៅលើលោក តាញ់ បុត្តា ប្រធានអង្គភាពមួយនេះបានជាប់ពាក់ព័ន្ធទៅនឹងការកៀបសង្កត់យកលុយពីក្រុមអាជីវករលើសកំណត់របស់សៀវភៅបន្ទុក ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក៏ដូចជាសារាចរណ៍របស់ក្រសួងកសិកម្ម់ រក្ខាប្រមាញ់ និងនេសាទនេះជាដើម ។
ក្រុមមន្ត្រីបានលើកឡើងថា មានអាជីវករមានច្បាប់ធ្វើអាជីវកម្មពិឃាតសត្វ ឬទីសត្តឃាតជាច្រើនមិនពេញចិត្ត ចំពោះភាពមិនប្រក្រតីរបស់ប្រធានការិយាល័យពេទ្យសត្វខេត្ត ដែលតម្រូវឲ្យបង់ប្រាក់ផ្ទុយពីគោលការ តាម ទំនើងចិត្តរបស់ខ្លួនទាមទារ ។ ក្នុងនោះក្រុមមន្ត្រីបានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន កំណត់រួចហើយទៅលើការធ្វើអាជីវកម្មទីសត្តឃាត តាមមូលដ្ឋាន (សង្កាត់-ឃុំ) ដែលត្រូវផ្គត់ផ្គង់សាច់សត្វ សម្រាប់តម្រូវការរបស់ប្រជាពលរដ្ឋផ្ទាល់គឺមានកំណត់តម្លៃយ៉ាងច្បាស់លាស់ ។ ក្នុងនោះក្រសួងកំណត់ថា អាជីវកម្មពិឃាតសត្វ ប្រភេទ(ក) និងប្រភេទ(ខ) តម្លៃក្នុងមួយឆ្នាំ១០ម៉ឺនរៀល ,មួយឆ្នាំ៨ម៉ឺនរៀល ផ្ទុយទៅវិញ ក្រុមពេទ្យសត្វមិនត្រឹមតែយកលើសតម្លៃប៉ុណ្ណោះទេ មានទាំងបង្កើតនូវវប្បធម៌ពុករលួយ យកលុយពីអាជីវករធ្វើ អាជីវកម្មដូចករណីខាងលើនេះតាមរយៈបង់ប្រចាំខែ និងប្រចាំឆ្នាំ ។ ពួកគាត់បញ្ជាក់យ៉ាងលម្អិតថា ក្នុងមួយខែខាងពេទ្យសត្វឲ្យបង់៩ម៉ឺនរៀល ហើយក្នុងមួយឆ្នាំតម្រូវឲ្យបង់៥៧ម៉ឺនរៀល ។
ពាក់ព័ន្ធករណីនេះ លោក តាញ់ បុត្តា ប្រធានការិយាល័យបសុព្យាបាលបានប្រាប់អង្គភាពនគរដ្រេហ្គនយ៉ាងខ្លីថា ការ យកលុយបែបនេះ គឺដើម្បីយកទៅកសាងអង្គភាព ។
មន្ត្រីបន្តថា ប្រធានពេទ្យសត្វខេត្តឧត្តរមានជ័យចូលចិត្តយកទម្លាប់មកធ្វើការ ក្នុងនោះមិនបានខ្លាចរអាខាងមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទនោះទេ ដោយសំអាងថា អង្គភា់ពរបស់ខ្លួនមានខ្សែបណ្តោយ គឺស្ថិតក្រោមការ គ្រប់គ្រងរបស់អគ្គនាយកដ្ឋានបសុព្យាបាលនៃក្រសួងកសិកម្ម ។ ម្លោះហើយ គាត់ប្រព្រឹត្តអំពើពុករលួយដោយ មិនព្រមបារម្ភពីខាងមន្ទីរតាមដាន សំខាន់គាត់ពង្រឹងអំណាចរបស់គាត់តាមរយៈការផ្តល់សេដ្ឋកិច្ចទៅថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានបសុព្យាបាល ដែលជាខ្សែបណ្តោយរបស់គាត់ ប្រយោជន៍ការពារតំណែង ។
ក្រៅអំពីភាពមិនប្រក្រតីទាំងនេះ នៅមានរឿងរ៉ាវនៃអំពើពុករលួយជាច្រើនទៀត ដែលប្រធានពេទ្យសត្វខេត្ត ឧត្តរមានជ័យកំពុងប្រព្រឹត្ត តាមរយៈទាញយកលាភសក្ការពីឈ្មួញនាំចូលនូវសត្វ ហើយពុំបានធ្វើការពិនិត្យសុខ ភាព ងាយធ្វើប្រជាពលរដ្ឋជាអ្នកបរិភោគប្រឈមនឹងបញ្ហាគ្រោះថ្នាក់ដល់សុខភាព ។ ក្នុងនោះករណីខ្លះជ្រូក ដែលមិនបានពិនិត្យសុខភាព ហើយជាប្រភេទជ្រូកមានជំងឺ (ជ្រូកក្រហម) ងាយនឹងធ្វើឲ្យអ្នកបរិភោគគ្រោះថ្នាក់បំផុត ជាពិសេសខាងជំនាញបានបញ្ជាក់ថា បញ្ហាជ្រូកក្រហមនេះ អាចប៉ះពាល់ទៅលើស្ត្រីភេទដូចជាមហារីក ស្បូន និងមហារីកសុដន់ជាដើម….។ មិនតែប៉ុណ្ណោះ បើច្បាប់អនុញ្ញាតឲ្យនាំចូលសត្វគ្រប់ប្រភេទ បើមានៀត្រឹម ៥០០០ក្បាល ឬ១ម៉ឺនក្បាល ប្រធានពេទ្យសត្វឧត្តរមានជ័យឃុបឃិតគ្នាជាមួយឈ្មួញឲ្យនាំចូលលើសច្បាប់ អនុញ្ញាត១គុណ១០ ឬ១គុណ៥០ នេះក៏អាចថាបាន ។
បច្ចប្បន្ន មានការហូរចូលយ៉ាងខ្លាំងនូវប្រភេទចំណីអាហារដែលផលិតមានដើមកំណើតពីសត្វចូលតាមច្រកអន្តរ ជាតិ ចែកចាយនៅក្នុងខេត្តឧត្តរមានជ័យ និងមកកាន់រាជធានីភ្នំពេញ ដូចជា បញ្ហាប្រហិតជាដើម…មានដើម កំណើតពីសត្វ ។ ប៉ុន្តែខាងពេទ្យសត្វមិនគិតគូ ខណៈទទួលបានប្រាក់បង់ក្បាលរថយន្ត ប្រាក់ប្រចាំខែ ។ ទាំង នេះសុទ្ធតែជាបញ្ហាដែលខាងអគ្គនាយកដ្ឋានបសុព្យាបាល ក៏ខាងថ្នាក់ដឹកនាំក្រសួងកសិកម្ម មេត្តាពិនិត្យនិង ស៊ើបអង្កេតក្នុងរឿងរ៉ាវទាំងអស់នេះផង ដើម្បីសម្រាលដល់អាជីវកររកស៊ីស្របច្បាប់ និងសម្រាប់ដោះស្រាយ ជីវភាពគ្រួសារ ក៏ដូចជាទប់ស្កាត់ការហូរចូលសត្វមានជំងឺ ផលិតផលដែលមានដើមកំណើតអំពីសត្វ ជាពិសេស ក្នុងនាមជាប្រភេទពេទ្យសត្វខេត្ត តើគាត់បានយកថវិកាជាតិសម្រាប់ជួយដល់ប្រជាពលរដ្ឋលើបញ្ហាថ្នាំសង្កូវ ការ ពារសត្វដល់ប្រជាពលរដ្ឋ តាមគោលការរបស់ក្រសួងនោះទេ ៕ ប៉ែន នួន