ខេត្តកំពង់ចាម ៖ បុរសម្នាក់ដោយសារតែមានគំនិតចង់បង្អួតកាំភ្លើងAK និងកាំភ្លើងខ្លីទំនើបនៅក្នុងរថយន្ដម៉ាក RangRoverរបស់ខ្លួន រួចបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម(ហ្វេសប៊ុក) ហើយត្រូវបានអ្នកប្រាស់ប្រាស់បណ្ដាញសង្គមមួយនេះចែកចាយជាបន្ដបន្ទាប់ រហូតផ្ទុះការរិះគន់ជាខ្លាំងពីមហាជនរួចមក ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ឃាត់ខ្លួនហើយ កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ ។
នគរបាលឲ្យដឹងថា ជននេះត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួននៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ កម្លាំងសមត្ថកិច្ចដកហូតបានកាំភ្លើង AK មួយដើម និងកាំភ្លើងខ្លីមួយដើមគ្រាប់៦គ្រាប់ ព្រមទាំងរថយន្ដមួយគ្រឿងម៉ាក Rang Rover ពាក់ស្លាកលេខភ្នំពេញ2u-0199 ។
ជនសង្ស័យខាងលើដែលមានគណនេយ្យហ្វេសបុក (Kongkia VS) ក៏ជាមន្ត្ត្រីនគរបាល ឈ្មោះ លី វណ្ណៈ អាយុ ២៧ឆ្នាំ មានទីលំនៅនៅភូមិ១ ផ្លូវ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរធ្វើការនៅក្រសួងមហាផ្ទៃ។
ក្រោយការឃាត់ខ្លួនយកទៅសួរនាំអាវុធទាំងពីរដើម និងរថយន្តមួយគ្រឿងខាងលើ រួមទាំងជនសង្ស័យនេះ គ្មានអត្តសញ្ញាណសម្គាល់អ្វីទាំងអស់ ហើយជនសង្ស័យបានធ្វើតេស្តទឹកម៉ូត រកសារធាតុញៀនឃើញថា វិជ្ជមាន (មានសារធាតុញៀន) ខណៈដែលខ្លួនជិះរថយន្តពីភ្នំពេញ មកចូលរួមការនៅភូមិព្រៃទទឹង ៕ វណ្ណៈ