នំពេញ៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនសហការជាមួយនគរបាលមូលដ្ឋានខណ្ឌចំការមន បានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ ៩៩ មានបង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន ឃាត់ខ្លួនមនុស្សចំនួន៦នាក់ ក្នុងនោះម្ចាស់ទីតាំងម្នាក់ នារីរងគ្រោះចំនួន៤នាក់ និងអ្នកដាំបាយម្នាក់។
ករណីបង្រ្កាបទីតាំងខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ៦៥ ផ្លូវ៤៣២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ម្ចាស់ទីតាំងមានឈ្មោះ ទៀង ពុទ្ធាវី ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅទីតាំងម៉ាស្សាផ្ទះលេខ៦៥ ផ្លូវ៤៣២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ដោយមានចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការសម្របសម្រួល ពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ដោយ លោក ឩត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។
កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងថាទីតាំងម៉ាស្សាកោស ជប់ យីហោ ៩៩ ចាប់ផ្ដើមបើកបម្រើសេវាចាប់ពីម៉ោង៩ ព្រឹករហូតដល់យប់ជ្រៅរំលងអាធ្រាតដោយមាននារីក្មេងចាស់ចំនួន៤នាក់រងចាំភ្ញៀវ មកម៉ាស្សា និងម៉ាស្សក្រលៀន(សាប់និងបៀមលឹង្គ) ដោយ តម្លៃចាប់ពី ១៥ដុល្លារ ទៅ២០ដុល្លារ ក្នុងមួយដង។
ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះផងដែរកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៦នាក់ក្នុងនោះនារីរងគ្រោះចំនួន ៤នាក់(អនីតិជនម្នាក់) ម្ចាស់ទីតាំងស្រីម្នាក់ បាននាំខ្លួនយកមកការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីបន្តការសាកសួរតាមនីតិវិធី។
សូមបញ្ជាក់ផងដែរចំណែកនារីរងគ្រោះទាំង៤នាក់នោះត្រូវបាន នគរបាលប្រគល់ជូនអង្គការសង្គមកិច្ចដើម្បីធ្វើការអប់រំ ដោយឡែកស្ត្រីម្នាក់ អ្នកដាំបាយ ត្រូវកម្លាំងសមត្ថកិច្ចឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ ព្រោះគ្មានការជាប់ពាក់ព័ន្ធក្នុងករណីនេះ ៕ ស រស្មី