ភ្នំពេញ ៖ លោកស៊ូ ស៊ីវុត្ថា អនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោងចុះពិនិត្យការដាក់លូ និងពង្រីកផ្លូវ ក្នុងភូមិសំរោងកណ្តាល គ្រោងនឹងបញ្ចប់ នៅមុនថ្ងៃ៧ មករា ឆ្នាំ២០១៩ មកដល់តាមគម្រោងផែនការ និងសកម្ម ភាព ដែលបាននិងកំពុងមមាញឹក ក្នុងការដាក់លូ និងពង្រីកផ្លូវបេតតុង ក្នុងភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ នឹងបញ្ចប់ជាស្ថាពរ នៅមុនថ្ងៃ៧មករា ឆ្នាំ២០១៩ មកដល់។
លោក ស៊ូ ស៊ីវុត្ថា អនុប្រធានក្រុមការងារចុះជួយមូលដ្ឋាន និងជាប្រធានភូមិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ឱ្យដឹង ក្នុងពេលចុះពិនិត្យការដ្ឋាន ដែលកំពុងដំណើរការនាព្រឹកថ្ងៃទី២០ខែធ្នូនេះថា អនុវត្តតាមគោលការណ៍ណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងការចង្អុលបង្ហាញដោយផ្ទាល់ពីឯកឧត្តម ហួត ហៃ ប្រធានក្រុមការងារសង្កាត់សំរោង ឱ្យខិតខំបន្តការកសាងនិងស្តារហេដ្ឋារចនាសម្ព័ន្ធ នៅតាមមូលដ្ឋាន ជូនប្រជាពលរដ្ឋនោះ ក្រុមការងារចុះជួយសង្កាត់សំរោង រួមជាមួយ សង្កាត់ ព្រះសង្ឃ និងសប្បុរសជន បានមូលមតិគ្នា ដាក់លូ និងពង្រីកផ្លូវ ប្រវែងជាង៥០០ម៉ែត្រ នៅក្នុងតំបន់នេះ ដើម្បីបញ្ជៀសការដក់ទឹក ដែលជាហេតុនាំឱ្យឆាប់ខូចផ្លូវបេតុងដែលមានស្រាប់ ក៏ដូចជាពង្រីកបន្ថែមនូវកំណាត់ផ្លូវមួយខ្សែនេះឱ្យបានធំទូលាយ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ។
លោកបញ្ជាក់ថា ថវិកា ដែលត្រូវចំណាយ ក្នុងការដាក់លូ និង ពង្រីកផ្លូវនេះ អស់ប្រមាណជាង៣ម៉ឺនដុល្លារ បានមកពីការចូលរួមរបស់សប្បុរសជនជិតឆ្ងាយ ព្រះគ្រូចៅអធិការវត្តសំរោងកណ្តាល និងក្រុមការងារចុះជួយសង្កាត់សំរោងផងដែរ។
លោក យិន អ៊ីម ចៅសង្កាត់សំរោង បានអះអាងថា មូលដ្ឋានសង្កាត់សំរោងនៅតែបន្តធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ភូមិ ដែលមួយផ្នែកជាមូលនិធិរបស់សង្កាត់ និងមួយផ្នែកទៀតជាការចូលរួមរបស់សប្បុរសជន ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ មិនឱ្យមានការថ្នាំងថ្នាក់ចិត្ត ពោលគឺផ្លូវ លូ តូចធំ ទឹក ភ្លើង និង ការពារ សន្តិសុខ សណ្តាប់ធ្នាប់ បានយ៉ាងល្អប្រសើរ។
ចៅសង្កាត់បានបន្តថា ការចូលរួមរបស់ប្រជាពលរដ្ឋ និងសប្បុរសជន គឺជាសេចក្តីត្រូវការចាំបាច់ សម្រាប់ចូលរួមក្នុងការកសាងមូលដ្ឋានឱ្យបានល្អប្រសើរ សម្រាប់អាជ្ញាធរមូលដ្ឋាន បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ឆ្លើយតបទៅនិងគោលនយោបាយឈ្នះៗ ក៏ដូចជា អនុសាសន៍ណែនាំរបស់ប្រមុខដឹកនាំ ឱ្យបំរើប្រជាពលរដ្ឋឱ្យបានល្អបំផុត និងមានសកម្មភាពកើនឡើងទ្វេរដង ឱ្យសក្តិសមទៅនិងការគាំទ្ររបស់បងប្អូននាពេលកន្លងមក នឹងបន្តទៅពេលខាងមុខទៀត។
លោក យិន អ៊ីម បញ្ជាក់ថា រាល់ការងារអភិវឌ្ឍន៍ចៀសមិនផុតពីការប៉ះពាល់នោះទេ ប៉ុន្តែសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់សំរោង លោកបានយល់ច្បាស់ពីបញ្ហានេះ ក៏មានការយោគយល់ អធ្យាស្រ័យ និងមានការឯកភាព ស្រុះស្រួលគ្នាធ្វើយ៉ាងណាឱ្យផ្លូវក្នុងភូមិរីកធំ នឹងមានប្រព័ន្ធលូបង្ហូរទឹកចេញពីភូមិស្ថាននៅពេលរដូវវស្សាចូលមកដល់ ៕ ធឿនព្រែកជ័យ