ខេត្តមណ្ឌលគិរី៖បុរសម្នាក់ទៀតហើយដែលបានស្លាប់ដោយសារតែជិះម៉ូតូដឹកឈើចុះចំណោទហើយដួលសង្កត់ពីលើនោះយ៉ាងវេទនាបំផុត ។ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍ដោយសារម៉ូតូដឹកឈើចុះចំណោទបណ្តាលឱ្យស្លាប់នោះបានកើតឡើងនៅវេលាម៉ោង៨.៣០នាទីយប់ថ្ងៃ
ថ្ងៃពុធ ១២ កើត ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នៅត្រង់ចំណុចភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះ ថាប ងំ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មានមុខរបរកសិករនិងដឹកឈើមាន ទីលំនៅភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
តាមប្រភពបានឱ្យដឹងថាជនរងគ្រោះដឹកឈើប្រភេទសុក្រំ មានមុខកាត់ ៣០សង់ទីម៉ែត្រគុណ១៥សង់ទីម៉ែត្រ ប្រវែង២ម៉ែត្រ ចំនួនបីដុំមានទម្ងន់យ៉ាងធ្ងន់ទើបបណ្តាលឱ្យបាក់បូមខាងមុខដួលសង្កត់ពីលើស្លាប់តែម្តង។ ក្រោយកើតហេតុសពត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោគធ្វើការពិនិត្យឃើញថាពិតជាបានស្លាប់ដោយសារដឹកឈើហើយម៉ូតូដួលសង្កត់លើមែន។ ហើយក៏បានធ្វើការប្រគល់សពឱ្យក្រុមគ្រួសារនិងសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ ដោយ ជីវន្ត័