រដ្ឋាភិបាលកាណាដា បានឱនលំទោនស្នើសុំចិនឲ្យដោះលែងពលរដ្ឋកាណាដា២រូប ដែលប៉ូលិសចាប់ឃុំខ្លួន សងសឹកទៅនឹងការចាប់ខ្លួនអគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ។
កាសែត The Guardian បានផ្សាយមុន នេះបន្តិចថា រដ្ឋមន្ត្រីក្រសួងការបរទេស កាណាដា លោក Chrystia Freeland ថ្លែងថា មានការព្រួយបារម្ភដ៏ជ្រាលជ្រៅ ចំពោះការឃុំខ្លួនទាំងបំពានដោយប៉ូលិស ក្រុងប៉េកាំងលើពលរដ្ឋកាណាដា២រូប កាលពីដើមខែធ្នូ និងបានអំពាវនាវឲ្យដោះលែងជាបន្ទាន់ ហើយមន្ត្រីទូតចិនប្រចាំ នៅកាណាដា ត្រូវបានកោះហៅឲ្យស្តាប់ ការប្រឆាំងតវ៉ានេះផងដែរ ។
ជាមួយគ្នានេះ អាមេរិក អង់គ្លេស និងសហភាពអឺរ៉ុបក៏បានថ្លែងគាំទ្រចំពោះ កាណាដា ដែលស្នើឲ្យប៉ូលិសចិន ដោះលែងពលរដ្ឋកាណានេះផងដែរ ។
គួរបញ្ជាក់ថា ដំណើរដើមទងនាំឲ្យមានការប្រឈមមុខតានតឹងផ្នែកការទូតរវាងកាណាដានឹងចិននេះ គឺបន្ទាប់ពីកាលពី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ លោកស្រី Meng Wanzhou អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei តាមសំណើរបស់អាមេរិក ប៉ូលិស កាណាដាចាប់ខ្លួន ហើយកំពុងរង់ចាំធ្វើ បត្យាប័នទៅកាន់អាមេរិក ដើម្បីទទួល ទោស តាមអ្វីដែលអាមេរិកបានចោទថា អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុនយក្សចិន មួយនេះ បានបំពានធ្ងន់ធ្ងរច្បាប់ដាក់ទណ្ឌកម្មអាមេរិកទៅលើរដ្ឋាភិបាលអ៊ីរ៉ង់ ។
កាលណោះភ្លាមៗ ចិនបានស្នើឲ្យ កាណាដាដោះលែងអ្នកស្រី Meng Wanzhou ពីមន្ទីរឃុំឃាំងកាណាដា ប៉ុន្តែរដ្ឋា ភិបាលកាណាដា ហាក់មិនបានយកចិត្ត ទុកដាក់ស្តាប់តាមការចង់បានរបស់ចិនឡើយ ។ បើទោះ បីចិនគំរាមថា កាណាដា អាចនឹងប្រឈមនូវផលវិបាកជាមួយគ្នា យ៉ាងណាក៏ដោយ ។
នៅ៩ថ្ងៃបន្ទាប់មកទៀត ចិនក៏បានចាប់ឃុំខ្លួនពលរដ្ឋកាណាដា២រូប គឺអតីតមន្ត្រី ទូតឈ្មោះ Michael Kovrig និងសហគ្រិន Michael Spavorដោយចោទថា បានធ្វើ សកម្មភាពគំរាមកំហែងដល់សន្តិសុខចិន ហើយការឃុំខ្លួននេះ ត្រូវគេមើលឃើញថា ជាការសងសឹកទៅលើកាណាដាពាក់ព័ន្ធរឿងរ៉ាវអគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei នោះឯង ៕ ម៉េវ សាធី