ប្រធានមន្ទីរ​រ៉ែ និងថាមពលខេត្តកណ្តាល​ ស្រឡាញ់ត្រាណាស់ យកដាក់ជាប់តាមខ្លួនជានិច្ច

ចែករំលែក៖

ខេត្តកណ្តាល៖ លោក យិន រដ្ឋា ប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តកណ្តាល ដែលទើបនឹងមកកាន់តំណែងថ្មី ជំនួសលោកចក់ គង់ ត្រូវបានគេទម្លាយថា រងនូវបណ្តឹង ពីមន្ត្រីឋានៈអនុប្រធានមន្ទីរ ដាក់ទៅអភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយចោទប្រកាន់ថា លោក យិន រដ្ឋា ក្តោបអំណាច បង្កើតបញ្ហាបក្ខពួកនិយម ហើយ​យកត្រា អង្គភាព ដាក់តាមខ្លួនជានិច្ច ផ្ទុយពីគោលការណ៍​ការងាររដ្ឋបាលក្នុងអង្គភាព ។
អនុប្រធានមន្ទីររ៉ែ និងថាមពល ដែលបានប្តឹងប្រធានមន្ទីរខ្លួនឯង ក្នុងករណីខាងលើនេះ គឺឈ្មោះ ជា សារិទ្ធ គាត់បង្ខំចិត្ត ឲ្យអាជ្ញាធរខេត្ត មេត្តាជួយដោះស្រាយសម្របសម្រួល ឲ្យការងារក្នុងអង្គភាពរីកចម្រើន និងតម្រូវឲ្យប្រធានមន្ទីរទុកត្រា នៅក្នុងអង្គភាព កុំចាត់ទុកជា របស់ឯកជនបុគ្គលខ្លួនឯងផ្ទាល់ ។
មន្ត្រីបានរំលឹកផងដែរថា ក្រៅពីអំពើមិនគប្បី ស្ថិតក្រោមការដឹកនាំ​​របស់លោក យិន រដ្ឋា មន្ត្រីក៏បានបញ្ជាក់អំពីភាពជាក់ស្តែងថា បញ្ហាបក្ខពួកនិយម ពិតជាមាន​ក្នុងនោះ បានយកមន្ត្រី​ពីសាលាស្រុកលើកដែកម្នាក់ឈ្មោះ រស់ ចិន្តា ឲ្យមានកាន់តួនាទី ជាប្រធានក្រុមទី២ ក្រុមការងារ រ៉ែ និងថាមពល គ្របដណ្តប់ទៅលើមន្ត្រីមានសមត្ថភាព មានអតីតភាពការងារយូរឆ្នាំ និងខុសពីគោលការរបស់ក្រសួងរ៉ែ និងថាមពលទៀតផង ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ លោក យិន រដ្ឋា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកណ្តាល បានប្រាប់អង្គភាពនគរដ្រេហ្គនថា លោកមិនទាន់ទទួលដំណឹង ថា មានអនុប្រធានមន្ទីរបានប្តឹងគាត់នៅឡើយទេ ហើយចំពោះករណីត្រា​នោះ ក៏លោកសូមបដិសេធន៍ថា មិនបានយកតាមខ្លួន គឺទុកឲ្យខាងការិយាល័យរដ្ឋបាលជាអ្នកគ្រប់គ្រង ។ ដោយឡែក​ ការយកមន្ត្រីផ្សេងមកធ្វើការ គ្រាន់ជាមធ្យោបាយដើម្បីឲ្យការងារក្នុងមន្ទីរមានការវិវឌ្ឍន៍ មិនមែនជាបញ្ហាបក្ខពួកនោះឡើយ ។
គួររំលឹកថា មន្ត្រីជាច្រើនក្នុងមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល បានបង្ហាញនូវការមិនពេញចិត្តយ៉ាងខ្លាំងទៅលើការគ្រប់គ្រងរបស់លោកយិន រដ្ឋា ដែលបានតំណែង ដោយថ្នាក់លើលើកបន្តុប និងបង្កើតឲ្យមានភាពរកាំរកូស ដល់មន្ត្រីថ្នាក់ក្រោម ករណីខ្លះ អាចនឹងរះស្ទះដល់ការងារប្រចាំថ្ងៃក៏មាន ៕

...

ដោយ៖ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print