ខេត្តកំពង់ឆ្នាំង៖ ក្របីឡើងកមួយក្បាលបានបោលបុករបងភូមិធ្លាយចេញមកខាងក្រៅនិងដេញវ័ធមនុស្សគ្មានអ្នកណានៅជិតបាន និងដោយខ្លាចដេញវ័ធគេឯងទៀត ទើបម្ចាស់ក្របីបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឆ្នាំងដើម្បីស្នើសុំថ្នាក់លើបាញ់ផ្តាច់ជីវិត ដើម្បីការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ហេតុការណ៍នេះកើតឡើងកាលពីរសៀល ថ្ងៃអង្គារ ២ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
លោក ណុប សារ៉ាត់ អាយុ៤៦ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ជាម្ចាស់ក្របី បានឲ្យដឹងថា លោកជាអ្នករកស៊ីទិញលក់គោក្របី ដោយកាលពីថ្ងៃទី៤ ខែមករា លោកបានទិញក្របីស្ទាវមួយក្បាលនេះពីភូមិជរ ឃុំប្រស្នឹប ស្រុកលាប្អៀរ ដឹកតាមរ៉ឺម៉កមូតូ យកមកទុកថែបំប៉ននៅផ្ទះ ក្នុងភូមិត្រពាំងចឹក្សា។ លុះព្រឹកឡើង ថ្ងៃទី៥ ខែមករា លោកបានដឹកក្របីនេះចេញពីផ្ទះទៅចងនៅវាលស្រែ ស្រាប់តែក្របីស្ទាវនេះ ដេញវ័ធ និងជល់លោកចំនួន៣ដងផ្ទួនៗគ្នា បណ្តាលឲ្យរបួសជាមធ្យម ។ លុះល្ងាចឡើង វាដេញជល់ និងវ័ធក្មេងប្រុសអាយុ១៣ឆ្នាំ ម្នាក់ទៀត ដែលកំពុងឃ្វាលគោនៅវាលស្រែ បណ្តាលឲ្យរងរបួសធ្ងន់សន្លប់ និងអ្នករត់ម៉ូតូឌុបម្នាក់ ក្នុងភូមិ ត្រូវបានក្របីឡើងកនេះដេញវ័ធដែរ បណ្តាលឲ្យខូចម៉ូតូទៀតផង។
ដោយឃើញក្របីមួយក្បាលនេះកាចសាហាវយ៉ាងនេះ គាត់ក៏បានទៅប្តឹងនគរបាលមូលដ្ឋាន នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅពេលមានការឯកភាពពីថ្នាក់លើ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង សហការជាមួយនគរបាលប៉ុស្តិ៍កំពង់ឆ្នាំង បានតាមប្រមាញ់បាញ់សត្វក្របីនៅក្នុងភូមិត្រ ពាំងចឹក្សា តែមិនបានសម្រេច វាក៏បានរត់ឆ្លងផ្លូវជាតិមកនៅក្នុងភូមិទួលក្រឡាញ់ខាងលិចផ្លូវជាតិលេខ៥វិញ។
ដោយសារនៅតាមផ្លូវសូម្បីតែម៉ូតូ រថយន្ត ក៏វាដេញវ័ធដោមិនរើសមុខនោះទើបសមត្ថកិច្ចសម្រេចចិត្តប្រើអាវុធអាកាលូនចូលកៀនសត្វក្របី ដែលពួនក្នុងព្រៃមួយនៅក្នុងភូមិ និងបានបាញ់១គ្រាប់ចំឆ្អឹងជំនីខាងស្តាំ បណ្តាលឲ្យក្របីសាហាវមួយក្បាលនេះរត់មួយខ្យល់បានប្រមាណជា៤០ម៉ែត្រក៏ដួលក្នុងទឹកថ្លុកមួយ ដាច់ខ្យល់ងាប់រួចប្រគល់ឲ្យម្ចាស់តែម្តងទៅ៕