ខេត្តក្រចេះ៖ រថយន្តយីឌុបខ្នាតយក្សមួយគ្រឿង មានផ្ទុកទៅដោយឈើអារសុក្រំ ជាប្រភេទឈើលេខ១ មានចំនួនរាប់រយកំណាត់ មានមុខកាត់ធំៗ បានប្រាសខ្លួនដេកនៅលើកំណាត់ផ្លូវជាតិលេខ៧ កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៥ ខែធ្នូ ស្ថិតក្នុងភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ហើយធ្លាយចេញឈើរាយប៉ាយពេញផ្លូវ ចំណែកអាជ្ញាធរខេត្តក្រចេះ ក៏ដូចជាជំនាញរដ្ឋបាលព្រៃឈើខេត្ត បាននាំគ្នាសំងំឈឹង ហាក់ដូចធ្វើមិនដឹងរឿង ។
យ៉ាងណាក៏ដោយ ក្នុងហេតុការក្រឡាប់រថយន្តយីឌុបដឹកឈើមួយគ្រឿងនេះ គឺមិនបណ្តាលឱ្យមនុស្សណាម្នាក់ ស្លាប់ឬរបួសនោះទេ ក្នុងនោះក្រុមឈ្មួញ បានយករថយន្តស្ទូចចំនួន៦គ្រឿង បានមកស្ទូចឈើទាំងនេះ ផ្ទេរដាក់រថយន្តផ្សេងទៀត ហើយបានដឹកចេញបន្តកន្ទុយគ្នា រហូតដល់ម៉ោង ៨និង៣០នាទីព្រឹកថ្ងៃដដែរ ទើបស្ទូចឈើដែលនៅរាយប៉ាយពេញផ្លូវនេះអស់ ។ ដោយឡែក ពលរដ្ឋនៅតំបន់នោះ បានដាក់ជាចម្ងល់ថា ហេតុអីបានជារថយន្តយីឌុបមានផ្ទុកឈើរាប់សឹបម៉ែត្រគូប ក្រឡាប់ ផ្អើលស្ទើរទូទាំងខេត្តក្រចេះទៅហើយ ម្តេចមិនឃើញអាជ្ញាធរ ចុះមកត្រួតពិនិត្យឬចាប់បង្ក្រាបតែម្តងទៅ។
បុរសម្នាក់ឈ្មោះ ចិន ដែលមានលំនៅដ្ឋានក្បែរនោះបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុគាត់បានឃើញ រថយន្តដឹកឈើនេះបែកកង ហើយមកឈប់ចតស្ងៀមនៅក្បែរផ្ទះគាត់ លុះមួយសន្ទុះក្រោយមករថយន្តនេះក៏ផ្អៀងក្រឡាប់ចេញសុទ្ធតែឈើរាប៉ាយពេញផ្លូវតែម្តង តែមិនបណ្តាលឱ្យមានមនុស្សរបួសនោះទេ ។
លោកបន្តថា រថយន្តដឹកឈើធំៗ គឺច្រើនធ្វើចរាចរណ៍នៅពេលយប់ ហើយក្នុងមួយយប់ៗ គឺមានរថយន្តដឹកឈើរាប់សឹបគ្រឿង រត់បន្តកន្ទុយគ្នា លោកថា មានរថយន្តខ្លះដឹកក្របតង់បិទជិត ខ្លះដឹកចំហរឃើញឈើពេញរថយន្តតែម្តង ហើយករណីរថយន្តដឹកឈើក្រឡាប់តែងកើតមានជាហូរហែប៉ុន្តែឡាននៅតែក្រឡាប់រីឯឈើនៅតែអាចបន្តដំណើរបានទៅដល់គោលដៅដដែល។
សេចក្តីរាយការបានឱ្យដឹងថា សព្វថ្ងៃនេះការដឹកជញ្ជូនឈើតាមរថយន្តយីឌុបធំៗ ចេញពីខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ឆ្លងកាត់ខេត្តក្រចេះ ឆ្ពោះចូលទៅស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ បន្តចូលទៅលក់នៅប្រទេសវៀតណាម គឺកំពុងកើតមានពេញបន្ទុក ក្នុងនោះត្រូវបានគេអះអាងថា គឺមានរថយន្តយីឌុបដឹកឈើភាគតិចណាស់ដែលមានច្បាប់ទម្លាប់ដឹកជញ្ជូនត្រឹមត្រូវ ក្រៅពីនេះគឺមិនមានច្បាប់ទាំងអស់ ។
យ៉ាងណាក៏ដូច មិនមានប្រភពណាបញ្ជាក់ថា រថយន្តដឹកឈើដែលក្រឡាប់នេះនិងមានទំហំឈើក្នុងមួយឡានប្រមាណ៥០ម៉ែត្រគូបនេះជារបស់មេឈ្មួញណាម្នាក់នោះទេ តែប្រភពខ្លះនិយាយថា អ្នកដែលប្រកបរបររកស៊ីដឹកជញ្ជូនឈើ ដឹកតាមរថយន្តយីឌុបធំៗសព្វថ្ងៃនេះ គឺមិនមានប្រជាពលរដ្ឋឬអ្នកតូចតាចអាចរកស៊ីបាននោះទេ គឺទាល់តែអ្នកមានខ្នងបង្អែកធំៗ ឬអ្នកមានងារជាឧកញ៉ាទើបអាចរកស៊ីរបរខុសច្បាប់នេះបាន ។ ហើយករណីជំនួញឈើខុសច្បាប់ចេញពីតំបន់ផ្សេងៗ ឆ្លងទៅលក់នៅប្តឬេសវៀតណាម គឺធ្វើឡើងជាលក្ខណៈប្រព័ន្ធទៅហើយ។
ពាក់ពន្ឋនិងករណីរថយន្តយីឌុបខ្នាតយក្ស ក្រឡាប់ធ្លាយចេញឈើរាយប៉ាយពេញផ្លូវ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនអ្នកធ្វើដំណើរតាមដងផ្លូវ មិនអាចសុំការពន្យល់ណាមួយពីលោក ទ្រី សុភក្រ័ នាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះបានទេ ដោយទួរសព្ទ័ចូលតែលោកមិនទទួល ។
ចំណែក លោក ប៊ួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ ក៏លោកមិនទទួលទួរស័ព្ទដូចគ្នា ដោយមន្ត្រីជំនាញម្នាក់ បាននាំគ្នាសំងំធ្វើដូចមិនដឹងរឿងអ្វីទាំងអស់ ៕
ដោយ៖ កោះទ្រុង