ខេត្តកណ្តាល៖ មុខសញ្ញជួញដូរនិងចែកចាយគ្រឿងញៀនប្រុស-ស្រី៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងប្រតិបត្តិការបង្ក្រាប៣ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ គឺនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ ។ ប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចនគរបាលបានធ្វើការដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១២កញ្ចប់ ស្មើនឹងទម្ងន់៥០.៤ក្រាម ,ថ្នាំញៀនប្រភេទWYចំនួន១២កញ្ចប់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរ និងចែកចាយគ្រឿងញៀននេះធ្វើឡើងនៅភូមិជ្រែធំ ឃុំសំពៅពូន ស្រុកកោះធំ ដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងទទួលផែន និងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ។
លោកអធិការបានបន្តថា ប្រតិបត្តិការបង្ក្រាបទី១-ធ្វើឡើងកាលពីវេលាម៉ោង១១ និង២០នាទី ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ឃាត់ខ្លួនបានជនសង្ស័យចែកចាយគ្រឿងញៀន២នាក់ ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៤កញ្ចប់ ស្មើនឹងទម្ងន់០.៩ក្រាម ,ថ្នាំញៀនប្រភេទWY ពណ៌ផ្កាឈូកចំនួន១២កញ្ចប់ និងសម្ភារៈសម្រាប់វេចខ្ចប់ចែកចាយ-ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។ ជនសង្ស័យទី១-ឈ្មោះ ឡុង រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ទី២-ឈ្មោះ ង្វៀង យ៉ាំងដាំង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ។
លោកអធិការបន្តទៀតថា ប្រតិបត្តិការបង្ក្រាបទី២-ធ្វើឡើងកាលពីវេលាម៉ោង១២ និង២០នាទី ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៧កញ្ចប់ ស្មើនឹងទម្ងន់០.១៤ក្រាម និងទូរសព្ទ័ដៃចំនួន០១ គ្រឿងផងដែរ ។ ជនសង្ស័យឈ្មោះ ហាក់ វណ្ណារ៉ា ហៅត្រេន ភេទប្រុស អាយុ២៩ឆ្នាំ ជាជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
ប្រតិបត្តិការបង្ក្រាបទី៣-ធ្វើឡើងនៅវេលាម៉ោង៨យប់ ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ឃាត់ខ្លួនបានស្ត្រីជាមេក្លោងជួញដូរគ្រឿងញៀនម្នាក់ ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកចំនួន១កញ្ចប់ធំ ស្មើនឹងទម្ងន់២៧.៤ក្រាម និងទូរស័ព្ទដៃមួយគ្រឿង ។ ស្ត្រីជាមេក្លោងជួញដូរគ្រឿងញៀនមានឈ្មោះ ស៊ូ បញ្ញា អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តកាកែវ ។
លោក ឈឿន ប៊ុនឆន បានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថា ថ្នាំញៀនដែលពួកគេយកមកជួញដូរ និងចែកចាយនេះ ពួកគេបានទិញពីមក្លោងដ៏ធំនៅម្តុំវាលខ្សាច់ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕
ដោយ៖ ស្អាងជ័យ