ភ្នំពេញ៖ គ្រួសារកសិករមកពីស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបានប្រសូតកូនភ្លោះ៣នាក់នៅមន្ទីរពេទ្យកាល់ម៉ែតកាលពីវេលាម៉ោង២០និង៣៥នាទីយប់ ថ្ងៃចន្ទ័ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យផ្នែកសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែតបានធ្វើឲ្យទាំងម្តាយ និងកូនភ្លោះទាំង៣នាក់មានសុខភាពល្អដូចគ្នា ។
ម្តាយកូនភ្លោះប្រុស៣នាក់នោះឈ្មោះឆន សុខគា អាយុ៣០ឆ្នាំ ឱពុកឈ្មោះឃា តារា អាយុ៣៣ មុខរបរធ្វើស្រែស្នាក់នៅភូមិអូ២ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ស្ត្រីជាម្តាយបានឲ្យដឹងថា កូនភ្លោះគាត់៣នាក់នេះជាកូនលើក៣ទៅហើយ ដែលកូនស្រីទី១ឈ្មោះ តារ៉ា នីកា អាយុឆ្នាំ កូនប្រុសទី២ឈ្មោះ តារ៉ា ម៉ារីន អាយុ៤ឆ្នាំ និងកូនលើកទី៣នេះ ស្រាប់តែបានកូនភ្លោះប្រុសបានរហូតដល់៣នាក់ តែគាត់មិនទាន់រកឈ្មោះដាក់បាននៅឡើយ ។
ស្ត្រីជាម្តាយបានបន្តទៀតថា មុនពេលប្រសូតបានកូនភ្លោះ៣នាក់នេះគឺពួកគាត់ និងប្តីបានចេញពីស្រុក ភូមិទៅធ្វើចំការនៅភូមិអូលើ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ស្រាប់តែមានផ្ទៃពោះបាន៥ខែ គាត់បានទៅឆ្លុះអេកូមើលស្រាប់តែកូនក្នុងផ្ទៃមានរហូតដល់៣នាក់ គឺប្រុសទាំងអស់ លុះពេលឈឺពោះរៀបកើត គាត់បានទៅមន្ទីរពេទ្យខេត្តកំពង់ចាម តែក្រុមពេទ្យនោះបានឲ្យគាត់បន្តមកសម្រាលនៅមន្ទីរពេទ្យកាល់ម៉ែត លុះដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង២០និង៣៥នាទីយប់ ដោយមានការយកចិត្តទុកដាក់ខ្ពង់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញផ្នែកសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែតបានជួយសម្រាលបង្កើតកូនភ្លោះគាត់ទាំង៣នាក់ វះកាត់ដោសុវត្ថិភាព ពួកគាត់ទាំងកូននិងម្តាយមានសុខភាពល្អដូចគ្នា ។
គួរបញ្ជាក់ផងដែរ ស្ត្រីកូនភ្លោះ៣នាក់នោះស្នាក់នៅបន្ទប់លេខ៨១១៥ ជាន់ទីនៃអាគារសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែត ហើយនឹងត្រូវចេញពីមន្ទីរពេទ្យវិលទៅផ្ទះវិញនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥ ខណៈដែលមានកូនភ្លោះបីនាក់នេះស្ត្រីជាម្តាយ និងឪពុកបានសំណូមពរដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្តេចប្រកាសថា រាល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រសូត្របានកូនភ្លោះបីនាក់ គឺជាចៅរបស់គាត់ដែរ ។ ដូច្នេះហើយពួកគាត់ជាឪពុក ម្តាយទាំង២នាក់ បានសំណូមពរឲ្យសម្តេចមេត្តាជួយគាត់ផង ពីព្រោះគាត់ជាប្រជាពលរដ្ឋក្រីក្រគ្មានលទ្ធភាពចិញ្ចឹមបីបាច់កូនភ្លោះទាំងបីនាក់នេះទេ ហើយម្យ៉ាងវិញទៀត គាត់នឹងត្រូវចេញពីមន្ទីរពេទ្យនៅថ្ងៃទី០៦ ខែធ្នូទៀតផង ៕
ដោយ៖ ចាន់ធឿន