ខេត្តបាត់ដំបង៖ ផ្ទះវេរប្រាក់វីងមួយកន្លែងនៅតំបន់ដាច់ស្រយ៉ាលពីទីប្រជុំជន ស្ថិត ក្នុងនៅក្នុងភូមិចាមរអាម ឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ត្រូវបានក្រុមចោរប្លន់មានគ្នា៣នាក់កាំភ្លើងវែងខ្លី២ដើម គាស់ចំរឹងបង្រួចផ្ទះ ចូលទៅភ្ជង់និងចាប់ម្ចាស់ផ្ទះចងប្លន់យកទ្រព្យសម្បត្តិបានសម្រេចហើយនាំគ្នារត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១២និង០៥នាទីយប់រំលងអធ្រាត្រថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ ។
ជុំវិញនៃហេតុការណ៍អំពើប្លន់ប្រដាប់អាវុធបើតាមការរៀបរាប់ពីម្ចាស់ផ្ទះដែលជាជនរងគ្រោះ ឈ្មោះ ទូច ងឿនភេទប្រុស អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើបានប្រាប់ឱ្យដឹងថានៅមុនពេលកើតហេតុ គាត់ និងប្រពន្ធកូននាំគ្នាដេកលង់លក់យ៉ាងស្កប់ស្កល់នៅបន្ទប់ខាងលើផ្ទះ បន្ទាប់មកស្រាប់តែមានមនុស្ស១ក្រុមមានគ្នា៣នាក់មិនពាក់មុខនោះទេប្រដាប់ដោយអាវុធចំនួន២ដើមកាំភ្លើងខ្លី១ដើម និងកាំភ្លើងAKស្វាយ១ដើម ហើយបានយកដែកស្បែង១ដើមគាស់ចំរឹងបង្អួចផ្ទះនៅជាន់ខាងក្រោម ហើយចូលទៅភ្ជង់និងចាប់គាត់និងប្រពន្ធកូនដោយគំរាមកុំឱ្យស្រែកហើយពួកវាគាស់ទម្លុះទម្លាយទូរ៉ើកកាយពេញក្នុងផ្ទះធ្វើការប្រមូលយកទ្រព្យសម្បត្តិក៏ នាំគ្នារត់គេចខ្លួនបាត់ទៅទិសខាងជើង។ទ្រព្យសម្បត្តិចោរប្លន់យកទៅរួមមានប្រាក់ខ្មែរចំនួន៣០លានរៀលប្រាក់ថៃចំនួន៣ម៉ឺនបាត ប្រាក់ដុល្លារចំនួន៣០ដុល្លាខ្សែដៃប្លាទីនមួយខ្សែទម្ងន់៧ជី កងដៃប្លាទីន៧កងទម្ងន់៧ជីទូរស័ព្ទដៃអិនចុចពិលណូគាចំនួន២គ្រឿង ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅស៊េរី២០១២ ស្លាកលេខ បាត់ដំបង១N-៤៨៥៦ ចោរប្លន់ទាំងនោះបានជិះម៉ូតូប្លន់បានសម្រាប់ធ្យោបាយរត់គេចខ្លួនផងដែរ ។
ពាក់ព័ន្ធនិងករណីប្លន់នោះដែរ បើតាមប្រភពព័ត៌មានពីលោកអធិការនគរបាលស្រុកមោងប្ញស្សីប្រាប់ឱ្យដឹងថា ពិតជាមានអំពើប្លន់ម្ចាស់ផ្ទះវេរប្រាក់វីងខាងលើនោះមែន ក្រោយពីក្រុមចោរប្លន់បានសកម្មភាពប្លន់ម្ចាស់ផ្ទះនោះហើយ សមត្ថកិច្ចបានដេញតាមប្រម៉ាញ់ក្រុម ចោរប្លន់ ហើយពួកវាទំនងជាមានការភ័យស្លន់ស្លោ ក៏ផ្តួលម៉ូតូដែលប្លន់បានចោលនៅកណ្តាល វាលស្រែមួយកន្លែងស្ថិតនៅចម្ងាយពីកន្លែងកើតហេតុជាង២គីឡូម៉ែត្រម៉ូតូនោះត្រូវបានសសមត្ថកិច្ចយកមករក្សាទុកនៅកន្លែងសមត្ថកិច្ចរងចាំប្រគល់ឱ្យម្ចាស់វិញ។ បច្ចុប្បន្ននេះកម្លាំងសមត្ថកិច្ចកំពុងតែតាមដានស្រាវជ្រាវស៊ើបអង្កេតវែកមុខរកក្រុមចោរប្លន់ទាំងនោះ ៕
ដោយ៖ សំ វិច្ឆិកា