ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់សាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះ និងម្នាក់ទៀតបានរងរបួសធ្ងន់បាក់ជើងម្ខាង ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្ត ២គ្រឿងបុកផ្ទប់គ្នា នៅលើកំណាត់ផ្លូវជាតិលេខ៥ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ខាងលើ បានកើតឡើងនៅវេលាម៉ោង១១ និង១០នាទី ព្រឹកថ្ងៃច័ន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៨.១៩៩ ស្ថិតក្នុងភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍ សាត់។
របាយការណ៍នគរបាលស្រុកបាកានបានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូសណ្ដោងរឺម៉កដឹងតុ កៅអី រានតេវតាថ្ម ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៏ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1A 6963 មានមនុស្សចំនួន ៣នាក់ ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុឃើញរថយន្ត ១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៏ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AS 4243 ធ្វើដំណើរស្របទិសគ្នាឡើងជែង ខណៈបានជ្រុលបុកម៉ូតូសណ្ដោងរឺម៉ក ស្របគ្នានោះមានអ្នកបើកបររថយន្ត ១គ្រឿងទៀតម៉ាក សុីណា ពណ៏ស ពាក់ស្លាកលេខ បាត់ដំបង 2C 1585 មកពីទិសខាងលិចច្រាសគ្នាបុកបន្ថែមទៀត បណ្ដាលឲ្យរងរបួសធ្ងន់រដូករណែលយ៉ាងរន្ធត់។
របាយការណ៍ខាងលើបន្តថា ជនរងរបួសភាគ្គីម៉ូតូសណ្ដោងរឺម៉ក ទី១ ឈ្មោះ អ៊ុំ សុភាព ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបូរឡើង ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាអ្នកបើកបរម៉ូតូសណ្ដោងរឺម៉ក(ធ្ងន់) បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត(ស្លាប់)យប់ថ្ងៃដដែល និងអ្នករួមដំណើរទី១ ឈ្មោះ ណាត សំណាង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់(ធ្ងន់)បាក់ជើងស្ដាំ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត និងទី៣ សមត្ថកិច្ចពុំធ្វើកំណត់ហេតុនោះទេ ព្រោះពុំរងរបួសធ្ងន់ធ្ងរនោះឡើយ។
ក្នុងរបាយការណ៍ដដែលបន្តទៀតថា ចំពោះអ្នកបើកបររថយន្តទាំង ២គ្រឿងបានរត់គេចខ្លួនបាត់អស់ បន្សល់នូវវត្ថុតាងរថយន្ត សមត្ថកិច្ចនគរបាលជំនាញផ្នែកសណ្ដាប់ធ្នាប់ យកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅស្នងការ ដ្ឋាននគរបាលខេត្តពោធិ៍សាត់ រងចាំធ្វើការដោះស្រាយគ្នាជាក្រោយ៕ បឹុម ពិន