វិភាគព័ត៍មានអន្តរជាតិ៖ ការប្រកួតប្រជែងអាវុធ​ នឹងកើតឡើងជាថ្មីម្តងទៀត រវាងមហាអំណាចទាំងបី

ចែករំលែក៖

អាមេរិក-ចិន​ -និងរុស្ស៊ី៖ បើនិយាយពីមហាអំណាចទាំង​៣លើពិភពលោកនាពេលបច្ចុប្បន្នគឺមនុស្សគ្រប់រូប ប្រាកដជាដឹង ដោយគ្មានប្រទេសណាមួយក្រៅពី អាមេរិក -ចិន​ -និងរុស្ស៊ីនោះឡើយ ។
ប្រទេសទាំង​៣កំពុងតែធ្លាក់នៅក្នុងដំណាក់កាលនៃការប្រកួតប្រជែងសព្វាវុធជាទ្រង់ទ្រាយធំ។
នៅពេលនេះអាមេរិក​បានស្នើរដល់ភាគីរុស្ស៊ីឲ្យបំផ្លាញកាំជ្រួចមីស៊ីលរយៈ​ចម្ងាយមធ្យម ពី​៥០០ដល់១ពាន់គីឡូម៉ែត្រ ប្រភេទ​ SSC-8/9M729 ដែលអាមេរិកចាត់ទុកថាបានបំពានសន្ធិសញ្ញា អាវុធបរមាណូរយៈចម្ងាយមធ្យម ។

អគ្គរដ្ឋទូតអាមេរិក​លោក​ Robert Wood បានលើកឡើងនៅក្នុងកិច្ចប្រជុំស្តីពី ការរំសាយអាវុធបរមាណូ​ កាលពីថ្ងៃទី​២១ខែមករា ថា កម្មវិធីអាវុធរបស់រុស្ស៊ី បានបង្ករឲ្យមានអសន្តិសុខ អន្តរជាតិ ។
ចំណែកអ្នកវិភាគ Dmitry Babich អ្នកវិភាគនយោបាយប្រចាំនៅទីក្រុងម៉ូស្គូ បានលើកឡើងថា «ពិភពលោកកំពុងដើរនៅលើផ្លូវឆ្ពោះទៅរកការប្រណាំងប្រជែងខាងសព្វាវុធ មិនមែនត្រឹមតែរវាងមហាអំណាចអាមេរិក និងរុស្ស៊ីប៉ុណ្ណោះទេ គឺរវាងអាមេរិក និងចិនផងដែរ» ។
ថ្មីៗនេះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាក់ពីផែនការដកខ្លួនចេញពីសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម ឬហៅកាត់ថា INF ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ១៩៨៧កន្លងទៅនេះរវាងអតីតមេដឹកនាំអាមេរិក និងរុស្ស៊ី។ លោកបានលើកហេតុផលថា រុស្ស៊ីបានរំលោភបំពានសន្ធិសញ្ញានេះអស់រយៈពេល ជាច្រើនឆ្នាំហើយ ចំណែកប្រទេស ចិន ក៏មិនមែនជាប្រទេសហត្ថលេខីមួយ ទើបមិនចាំបាច់ត្រូវអនុវត្តតាមសន្ធិសញ្ញានេះ តើមានហេតុផលអ្វីដែល សហរដ្ឋអាមេរិក គួរបន្តគោរពតាមសន្ធិសញ្ញានេះបន្តទៀតនោះ។
អ្នកវិភាគនយោបាយរុស្ស៊ី បានលើកឡើងឆ្លើយតបការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកថា ការសម្រេចចិត្តដកខ្លួនរបស់ប្រធានាធិបតី Trump ពីសន្ធិសញ្ញាខាងលើ មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ផ្ទុយទៅវិញវាជា «រឿងដ៏មានគ្រោះថ្នាក់ខ្លាំងបំផុត»។ លោកបានបន្ថែមថា «វាជាបង្កើតឱ្យមានការប្រណាំងប្រជែងអាវុធដ៏គ្រោះថ្នាក់ខ្លាំងណាស់ គឺគ្រោះថ្នាក់ជាងសម័យសង្គ្រាមត្រជាក់ទៅទៀត ពីព្រោះពិភពលោកនឹងគ្មានប្រព័ន្ធត្រួតពិនិត្យអាវុធ»។
សូមរំឮកថា អតីតអគ្គលេខាធិការសហភាពសូវៀតលោក Mikhail Gorbachev និងប្រធានាធិបតីអាមេរិក Ronald Reagan បានចរចាគ្នាដើម្បីចុះសន្ធិសញ្ញា INF នាឆ្នាំ១៩៨៧ ដែលបានចែងថា ពួកគេគួរតែលុបបំបាត់នុយក្លេអ៊ែរ និងគ្រាប់មីស៊ីលដែលអាចបាញ់បានចម្ងាយ៥០០ ទៅ៥០០០ គីឡូម៉ែត្រ។ សន្ធិសញ្ញានេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយអាវុធគ្រោះថ្នាក់លើពិភពលោក។
ជាអកុសល លោកប្រធានាធិបតី Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនរហូតទាល់តែប្រទេសដទៃទៀត បញ្ឈប់សកម្មភាពនៃការបង្កការគំរាមកំហែងដល់ពិភពលោក តាមរយៈនៃការប្រណាំងប្រជែងសព្វាវុធ។
សេចក្តីប្រកាសរបស់ប្រធានាធិបតីរូបនេះត្រូវបានធ្វើឡើង ខណៈលោក John Bolton ទីប្រឹក្សាសន្តិសុខជាតិរបស់លោកផ្ទាល់ កំពុងស្ថិតនៅប្រទេសរុស្ស៊ី ដើម្បីជួបជាមួយសមភាគីពិភាក្សាគ្នាទៅលើបញ្ហាផ្សេងៗ ក្នុងនោះក៏មានការលើកឡើង អំពីការអនុលោមតាមសន្ធិសញ្ញានេះផងដែរ។
លោក Jeffrey Lewis នាយកកម្មវិធីទប់ស្កាត់ការរីកសាយភាពអាវុធអាស៊ីខាងកើត ប្រចាំនៅវិទ្យាស្ថានសិក្សាអន្តរជាតិ បាននិយាយថា «បើលើកឡើងថា ការដកខ្លួនចេញពីសន្ធិសញ្ញានេះ ដោយសារតែប្រទេសចិននោះ វាមិនសមហេតុផលទាល់តែសោះ»។ យើងដឹងហើយថាសន្ធិសញ្ញា INF មិនធ្វើឱ្យសហរដ្ឋអាមេរិកត្រូវខាតបង់ ប្រយោជន៍នៅតំបន់ប៉ាស៊ីហ្វិចឡើយ ហើយក៏បានហាមឃាត់មិនឱ្យមានមូលដ្ឋានទ័ពអាកាស ឬទ័ពសមុទ្រដូចគ្នា។ ជាងនេះទៅទៀតនោះ អ្វីដែលត្រូវពិចារណា គឺសន្ធិសញ្ញានេះក៏មិនបានរារាំងប្រទេស ជប៉ុន ឬកូរ៉េខាងត្បូង ពីការផលិតអាវុធនុយក្លេអ៊ែរចម្ងាយឆ្ងាយផងដែរ។ ហេតុនេះតើប្រទេស ចិន គួរតែជាហេតុផលសម្រាប់អាមេរិក ដកខ្លួនឬទេ។ ប្រសិនបើប្រទេស ចិន ជាអ្នកបង្កបញ្ហាពិតប្រាកដមែននោះ ការដកខ្លួនរបស់សហរដ្ឋអាមេរិក មិនមែនទើបតែធ្វើឡើងនៅពេលនេះនោះទេ វាគួរតែកើតឡើងជា យូរណាស់មកហើយ។
ជាមួយគ្នានេះ លោក Clift ក៏បានយល់ស្របជាមួយទស្សនៈរបស់លោក Lewis ផងដែរថា ប្រទេស ចិន មិនមែនជាបញ្ហាពិតប្រាកដនោះទេ វាគ្រាន់តែជាលេសរបស់សហរដ្ឋ អាមេរិកតែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលពួកគេជឿជាក់នោះគឺការដកខ្លួនចេញពីសន្ធិសញ្ញា INF គឺគ្រោះថ្នាក់ដល់ពិភពលោកយ៉ាងពិតប្រាកដ។
លោក Clift បានលើកឡើងថា “ប្រធានាធិបតីប្រទេសមហាអំណាចរូបនេះ កំពុងអនុវត្តតាមពាក្យស្លោក «អាមេរិកជាអាទិភាព» តែពាក្យស្លោកនេះ ត្រូវបានបកស្រាយថា វានឹងធ្វើឱ្យសហរដ្ឋអាមេរិកកាន់តែឯកកាខ្លាំងជាងអ្នកដឹកនាំមុន។ យ៉ាងនេះក្តីប្រធានាធិបតីរូបនេះ បានលើកឡើងថា ការដាក់អាមេរិកជាអាទិភាពក្តី បង្កឱ្យអាមេរិកមានភាពឯកកាក្ដី គឺលោកធ្វើទៅតាមបែបបទរបស់លោក។
ប៉ុន្តែកុំភ្លេចថា ប្រធានាធិបតីអាមេរិកអាណត្តិនេះ ជាបុគ្គលដែលពិបាកព្យាករណ៍ទុកជាមុនជាខ្លាំងចំពោះទង្វើផ្លាស់ប្តូរភ្លាមៗរបស់លោក។ មិនដឹងថា តើលោកនឹងអនុវត្តតាមការលើកឡើងរបស់ខ្លួន ឬយ៉ាងនោះទេ។ ទោះយ៉ាងណាលោក Dmitry Babich គិតថា ទាំងនេះគឺជាគោលនយោបាយទូទៅរបស់សហរដ្ឋអាមេរិក ដែលបានប្រើប្រាស់អស់រយៈពេល២៥ឆ្នាំមកហើយ ដើម្បីព្យាយាមយកឈ្នះលើប្រទេសរុស្ស៊ី និងចិន៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print