ប្រទេសវេណេហ្ស៊ុយអេឡា៖ កម្លាំងទាហានមួយក្រុមដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ ទម្លាក់ប្រធានាធិបតី ម៉ាឌូរ៉ូ ពេលនេះត្រូវបានចាប់ខ្លួនហើយ ក្រោយពេលបង្ករអុកឡុក អំពាវនាវឲ្យពលរដ្ឋធ្វើបាតុកម្មទម្លាក់ប្រធានាធិបតី ។
រដ្ឋាភិបាលវេណេហ្ស៊ុយអេឡាកាលពីថ្ងៃទី២១ ខែមករា បានប្រកាសថា បានចាប់ខ្លួនក្រុមទាហានជ្រុលនិយម២៧នាក់ដែលដណ្តើមគ្រប់គ្រងអាវុធនិង ចាប់មន្ត្រីមួយចំនួនធ្វើជាចំណាប់ខ្មាំងក្នុងគោលដៅធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល ។
ប្រភពព័ត៌មានបានឲ្យដឹងថា ទាហានមួយក្រុមបានដណ្តើមគ្រប់គ្រង ទីតាំងប៉ូលិសនៅតំបន់ភាគខាងលិច Caracas ។ ក្រោយមកក្រុមទាហាននេះក៏បាន បើករថយន្ត ឆ្ពោះទៅកាន់ ទីក្រុង Petare ដោយប្លន់ឃ្លាំងអាវុធនិងចាប់មន្ត្រី ៤រូប មុនពេលធ្វើដំណើរទៅកាន់ cotiza ។
មន្ត្រីវេណេហ្ស៊ុយអេឡា បានប្រកាសឲ្យដឹងថា មានទាហាន២៥នាក់បានដណ្តើមគ្រប់គ្រងស្នាក់ការប៉ូលិស នៅតំបន់ Cotiza មានចម្ងាយពីវិមានប្រធានាធិបតីប្រមាណ១គីឡូម៉ែត្រប៉ុណ្ណោះ។ កម្លាំងទាហានទាំងនោះបាន បង្ហោះវីដីអូនិយាយថា មិនទទួលស្គាល់រដ្ឋាភីបាលរបស់លោក Nicolas Maduro នោះឡើយ។
នៅក្នុងវីដីអូដែលបានបង្ហោះនោះ កម្លាំងទាហានប្រឆាំងខាងលើបានអំពាវនាវដល់ ពលរដ្ឋនាំគ្នា ដង្ហែរក្បួនបាតុកម្មដើម្បីទម្លាក់ប្រធានាធិបតីម៉ាឌូរ៉ូ ។ នៅក្នុងឃ្លីបវីដីអូបាន និយាយថា «ពួកខ្ញុំជាទាហានជំនាញកំពុងតែប្រឆាំងនិងរដ្ឋាភិបាល ។ យើងត្រូវការអ្នកទាំងអស់គ្នាចូលរួមដើម្បី ទម្លាក់ប្រធានាធិបតីដែលមិនគិតពីសុខទុក្ខពលរដ្ឋ៕
ដោយ៖ មែវ សាធី