ភ្នំពេញ ៖ មាននិសិ្សតមកពីតាមបណ្តា ស្រុក និងខេត្តជាច្រើននាក់បានរងគ្រោះ អស់ប្រាក់ជាច្រើនពាន់ដុល្លារ ដោយសារតែអគ្គនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសា ជប៉ុន CL មិនគោរពតាមពាក្យសន្យា ហើយ បានប្រើល្បិចទុច្ចរិតបោកប្រាស់ យកលុយពួកគាត់អស់រាប់ពាន់ដុល្លារក្នុងម្នាក់ៗដោយមិនបានចេញទៅប្រទេសជប៉ុន ដូចការសន្យានោះឡើយ ។ រឿងនិស្សិតក្រីក្រដែលមកពីតាម បណ្តាស្រុក និងខេត្តហើយសិក្សាភាសា ជប៉ុនដើម្បីចេញរកការងារធ្វើនៅប្រទេសជប៉ុន តែ ត្រូវបានចាញ់បោកអគ្គនាយក មជ្ឈមណ្ឌល បណ្តុះបណ្តាលភាសាជប៉ុន CL ខាងលើ នេះ មានរហូតដល់ជិត២០នាក់ សុទ្ធសឹង តែជាកូនចៅប្រជាពលរដ្ឋក្រីក្រ។
ជនរងគ្រោះជាច្រើននាក់បានអស់ សង្ឃឹម ពេលទៅជួបជាមួយនឹងអគ្គនាយក ដើម្បីសុំថវិកាមកវិញ តែគ្មានការឆ្លើយតប ទើបពួកគេទៅពឹងពាក់មេធាវីឲ្យជួយ និងបានដាក់ពាក្យបណ្តឹងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីឲ្យជួយ ធ្វើ អន្តរាគមន៍ទៅលើមជ្ឈមណ្ឌលបណ្តុះ បណ្តាលភាសាជប៉ុន CL ដែលបានបោក ប្រាស់ យកលុយរបស់ពួកគេក្នុងម្នាក់ៗ អស់រាប់ពាន់ដុល្លារ ។ នៅក្នុងពាក្យបណ្តឹងប្តឹងទៅកាន់ សាលាដំបូងរាជធានីភ្នំពេញក៏ដូចជាទៅក្រសួងការងារឲ្យជួយធ្វើអន្តរាគមន៍រឿងខាងលើនេះគឺក្នុងពាក្យបណ្តឹងនោះបានប្តឹង ឈ្មោះ ឈាង ឆុំ និងប្រពន្ធឈ្មោះ អឹុង គឹមលាង ដែលមានអាសយដ្ឋាននៅភូមិ ម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញពាក់ព័ន្ធនឹងករណីឆបោក ។
បើតាមជនរងគ្រោះជានិសិ្សតដែល ចាញ់បោកជនខាងលើនេះបានឲ្យដឹងថា ពួកគេទាំងអស់គ្នាបានបំពេញបែបបទ ចូលរៀន ដំបូងដែលតម្រូវឲ្យបង់ប្រាក់ចំនួន៣០០ដុល្លារដើម្បីទៅធ្វើការនៅប្រទេស ជប៉ុន ហើយ បន្ទាប់ពីបានសិក្សាអស់រយៈពេលជាច្រើនខែមក ឈ្មោះ ឈាង ឆុំ បានឲ្យជនជាតិជប៉ុនម្នាក់មកធ្វើកិច្ចសម្ភាសន៍ពួកខ្លួនទាំងអស់គ្នាដោយអះអាងថាខ្លួនគេជានិយោជកនៅឯប្រទេសជប៉ុន ប៉ុន្តែជាក់ ស្តែងជនជាតិជបុ៉នរូបនេះគ្រាន់តែជាបុគ្គលិកក្រុមហ៊ុនឯកជនមួយដែលស្ថិតក្នុង ប្រទេសកម្ពុជាប៉ុណ្ណោះ ។
ក្រោយមក ឈ្មោះ ឈាង ឆុំ បានប្រើឧបាយកលទុច្ច រិតនិងបានប្រាប់ពួកខ្លួនជានិសិ្សតដែល កំពុងសិក្សានៅក្នុងមជ្ឈមណ្ឌលបណ្តុះ បណ្តាលភាសាជប៉ុន CL ខាងលើថាបានប្រឡងជាប់ទៅធ្វើការនៅប្រទេសជប៉ុនហើយដោយតម្រូវឲ្យជនរងគ្រោះទាំងអស់បង់ប្រាក់ដើម្បីរៀបចំ ឯកសារទិដ្ឋាការ (វីសា) ដើម្បីទៅធ្វើការនៅប្រទេសជប៉ុនដែលក្នុងនោះឈ្មោះ ឈាង ឈុំ បានឲ្យជន រងគ្រោះបង់ប្រាក់ ក្នុងម្នាក់ៗ១.៧00ដុល្លារនិងមានខ្លះទៀតអស់រហូតជិត ៥.០០០ ដុល្លារតែលទ្ធផលអ្វីៗទាំងនោះអត់មាន បានប្រយោជន៍អ្វី បន្តិចសោះដោយរង់ចាំពីមួយទៅមួយថៃ្ងរហូតជាច្រើនខែទើបដឹងថា ពួកគេចាញ់បោកអគ្គនាយកមជ្ឈមណ្ឌល បណ្តុះបណ្តាលភាសាជប៉ុន CL ខាងលើ នេះ ។ បើតាមប្រភពព័ត៌មានខាងលើបានឲ្យ ដឹងថា ឈ្មោះ ឈាង ឆុំ បានដើរតួនាទី ខ្លួនឯងជាអគ្គនាយកផង និងជាប្រធាន ក្រុមប្រឹក្សាភិបាលផង ហើយពេលក្រសួង ការងារកោះអញ្ជើញមិនដែលឃើញវត្ត មានលោក ឈាង ឆុំ ចូលខ្លួននោះទេ គឺលេចមុខអ្នកផ្សេងទៅវិញ ។
ប្រភពបានឲ្យដឹងទៀតថា មិនមែនជន រងគ្រោះជិត២០នាក់ប៉ុណ្ណោះទេដែលចាញ់បោកលោក ឈាង ឆុំ ផ្ទុយទៅវិញមានជនរងគ្រោះជាច្រើននាក់ទៀតក៏រងគ្រោះបែបនេះដែរហើយពួកគេបាន សំណូមពរឲ្យ លោក អិុត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមេត្តាជួយពិនិត្យលើទីតាំងមជ្ឈមណ្ឌលបណ្តុះបណ្តាល ភាសាជប៉ុន CL ខាងលើ នេះផងកុំឲ្យប្រជាពលរដ្ឋក៏ដូចជាអ្នកក្រោយៗទៀតរងគ្រោះដូចពួកខ្លួនខាតទាំងពេលវេលាបាត់បង់ទាំងប្រាក់ហើយមិនបានចេញទៅក្រៅ ប្រទេសទៀត ។
ជុំវិញការលើកឡើងរបស់ជនរងគ្រោះ ដែលជានិស្សិតខាងលើនេះ ភ្នាក់ងារយក ព័ត៌មាននគរវត្តមិនអាចសុំការបកស្រាយ ពីលោក ឈាង ឆុំ និងភរិយាបាននោះទេ ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនង ៕ ដោយ ៖ អារុណរះ