ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមករា នេះ ក្នុងសវនាការ ជនជាប់ចោទ ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ បដិសេធថា ពុំបានសម្លាប់ស្រីកំណាន់ នាង ចេវ សុវឌ្ឍនា ទេ ដោយសុំឱ្យតុលាការរកយុត្តិធម៌ ។
ទោះបីយ៉ាងណា ក្រោយបញ្ចប់សវនាការ តុលាការបានលេីកពេលបន្តធ្វើទៅថ្ងៃក្រោយទៀត ដោយមិនកំណត់ពេល ព្រោះទេីបស្តាប់សក្ខីកម្ម ជនជាប់ចោទ ឡាយ វណ្ណៈ បានម្នាក់ប៉ុណ្ណោះ ។
ជាការកត់សម្គាល់ ជនជាប់ចោទ ឡាយ វណ្ណៈ ហ៊ានស្បថចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះថា”បើខ្ញុំបានសម្លាប់សង្សារមែន សូមឱ្យវត្ថុស័ក្តិសិទ្ធិបរាមុខខ្ញុំ ឲ្យខ្ញុំ និងប្រពន្ធកូនស្លាប់តៃហោង និង ធ្លាក់នរក៩ជាន់ អត់ចាប់ជាតិទៅចុះ”។
សូមបញ្ជាក់ថា លោក ឡាយ វណ្ណៈ , លោក ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុសបង្កើតលោកឡាយ វណ្ណៈ ត្រូវបានតុលាការចោទប្រកាន់ពីបទឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
បទឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ១៥ឆ្នាំ។
ដោយឡែកឈ្មោះ ម៉េន សាម៉ៃ អាយុ៣៦ឆ្នាំ និង ឈ្មោះ ជឹម វុធ អាយុ៤១ឆ្នាំ ជាប់ចោទពីបទលាក់បំបាំងតម្រុយ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។
បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ ៕ ចេស្តា